ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ ក្រសួងព័ត៌មាន សហការជាមួយកាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាស្តីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងកាកបាទក្រហមកម្ពុជា ដែលមានការចូលរួមពីពិធីករ-ពិធីការនីទូរទស្សន៍ និងអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាច្រើនស្ថាប័ន ។ក្នុងឱកាសនោះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា សិក្ខាសាលានេះ ជាកិច្ចការមួយដ៏សំខាន់ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីការប្រើប្រាស់ ការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់អ្នកសារព័ត៌មានមកពីស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនអង្គភាព ដើម្បីបានយល់ច្បាស់ពីចំណុចនានាទាំងឡាយដែលក្រុមការងារកាកបាទក្រហមកម្ពុជា នឹងធ្វើការពន្យល់បង្ហាញពីចំណុចសំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម ជាពិសេសគោលការណ៍គ្រឹះទាំង០៧ និងតួនាទីភារកិច្ចរបស់កាកបាទក្រហមកម្ពុជា។លោករដ្ឋលេខាធិការបន្តថា ការរៀបចំសិក្ខាសាលានេះ ក៏សមស្របនឹងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នកំពុងរងនូវការឈ្លានពានទឹកដី ពីប្រទេសជិតខាងអមិត្តបង្កជាជម្លោះប្រដាប់អាវុធ ។លោក ជុំ កុសល បន្ថែមថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយ សង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ក្រៅពីផ្តល់ជំនួយជាសម្ភារៈ កាកបាទក្រហមក៏មានតួនាទីជួយផ្សព្វផ្សាយពាក់ព័ន្ធលើបញ្ហាសុខភាពរបស់ មនុស្សគ្រប់រូប ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃ។ទន្ទឹមនឹងនេះ កាកបាទក្រហម និង អឌ្ឍចន្ទក្រហមកម្ពុជា មានតួនាទីជាចម្បងក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការពារសិទ្ធិជនរងគ្រោះក្នុងស្ថានភាពសង្គ្រាម គឺការពារជីវិត និង សិទ្ធិមនុស្សរបស់ជនរងគ្រោះ ក្នុងការធានាថាជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សមិនត្រូវបានរើសអើង ឬបំពាន ទោះបីជាមានសង្គ្រាមកើតឡើងក៏ដោយ។លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (International Committee of the Red Cross) ដែលហៅកាត់ជាភាសាអង់គ្លេសថា ICRC ឬ ជាភាសាបារាំងថា CICR ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣ ដោយប្រទេសស្វីស គឺជាអង្គការមិនលំអៀង អព្យាក្រឹត ឯករាជ្យ ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម មាន បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត គឺគាំពារអាយុជីវិត និង សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារសង្គ្រាម, ជម្លោះប្រដាប់អាវុធ, វិបត្តិសល់ពីសង្គ្រាម និងផ្តល់ជំនួយមនុស្សធម៌ ដល់ជនរងគ្រោះទាំងនោះ។ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ជាអ្នកឃ្លាំមើលការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងជាអ្នកតម្រង់ទិស សម្របសម្រួលសកម្មភាពមនុស្សធម៌ របស់ចលនាអន្តរជាតិ នៅក្នុងស្ថានភាពមានទំនាស់ជាដើម ។ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការងទី១ បញ្ជាក់ថា បដិរូបកាកបាទក្រហម ឬអឌ្ឍចន្ទក្រហម លើផ្ទៃពណ៌សសម្រាប់ប្រើជា ឧបករណ៍ការពារក្នុងប្រតិបត្តិការ ការងារមនុស្សធម៌ពេលមានសង្គ្រាម និងហាមយកបដិរូប យកមកបិទ ឬគ្រប់លើយន្តហោះចម្បាំង សព្វាវុធសម្រាប់ធ្វើសង្គ្រាមផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ