ភ្នំពេញ៖ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ច ការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ឯកឧត្តមក៏បានណែនាំឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការទទួលបងប្អូនពលករ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនឹងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរចំណុះឲ្យរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ដូច្នេះឯកឧត្តម ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ»។ពាក់ព័ន្ធនឹងការងារខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបាន ត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកោនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ