ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលករខ្មែរជាង១០ម៉ឺននាក់ទៀត កំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃខេត្តបាត់ដំបង
Wed,06 August 2025 (Time 12:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

បាត់ដំបង ៖ លោក​ សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពលករខែ្មរជាង១០ម៉ឺននាក់ទៀតទេ ដែលបាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលចូលមកប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង និងបន្តដឹកជញ្ជូនតាមរថយន្ត ដែលក្រុមការងារបានរៀបចំ ដើម្បីនាំទៅកាន់ស្រុកកំណើតវិញ ។

ការថ្លែងនេះ ក្នុងឱកាសដឹកនាំក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមយុវជនស្ម័គ្រចិត្ត ចុះជួយសម្របសម្រួលដល់ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នេះ ។

លោក សុខ លូ បានបញ្ជាក់ថា តាមការផ្តល់ព័ត៌មានមកថា ប្រជាពលករខ្មែរ ដែលនឹងវិលចូលប្រទេសកំណើតវិញ សម្រាប់ថ្ងៃនេះ មានជាង១០ម៉ឺននាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ហើយលោក អភិបាលខេត្តបាត់ដំបងបានណែនាំបន្ថែម ដល់ក្រុមការងារទាំងអស់ត្រូវដឹងពីគោលដៅ និងតួនាទីរបស់ខ្លួន មានន័យថា យើងមកទីនេះ គឺមកជួយប្រជាពលករ និងការសម្របសម្រួលដល់ពលករដែលបានចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ព្រោះពួកគាត់មានឥវ៉ាន់ច្រើន ដើម្បីជួយរុញ រែក លីសែង ទៅកាន់មណ្ឌលសំចត និងចំណតរថយន្ត ដែលក្រុមការងារយើងបានរៀបចំរួចជាស្រេច ។

ពាក់ព័ន្ធនឹងការសម្រុកចាកចេញរបស់ប្រជាពលករខ្មែរពីប្រទេសថៃ វិលត្រឡប់មកមាតុប្រទេសកំណើតវិញយ៉ាងគំហុកនាពេលនេះ គឺដោយសារតែមានការរើសអើងពីក្រុមជ្រុលនិយមនៃប្រទេសថៃ ដែលបានដើរស្វែងរកពលករខ្មែរ ដើម្បីធ្វើបាបពួកគាត់ បន្ទាប់ពីប្រទេសទាំង២បានផ្ទុះសង្រ្គាមជាមួយគ្នា ដែលបង្កឡើងដោយទាហានសៀម បានបាញ់មុនមកលើកងទ័ពជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ ហើយកងទ័ពជាតិកម្ពុជា បានតតបវិញ ដើម្បីការពារខ្លួន និងការពារបូរណភាពទឹកដី ព្រមទាំងការពារអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ ។

ជួបជាមួយពលករ ដែលទើបមកដល់នៅមណ្ឌលសំចត ដែលកំពុងត្រៀមខ្លួនវិលទៅស្រុកកំណើតវិញនោះ បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈដែលពួកគាត់បានមកដល់មាតុប្រទេសកំណើតវិញប្រកបដោយសុវត្ថិភាព និងបានសំដែងនូវការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងការដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយមិនមានការគិតប្រាក់នោះឡើយ ។

ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ មន្រ្តីរាជការ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការបង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ឱ្យបានល្អ ដើម្បីដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើតបានទាន់ពេល និងប្រកបដោយសុវត្ថិភាពខ្ពស់ ។

សូមបញ្ជាក់ថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញ ហើយក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង មន្រ្តីពាក់ព័ន្ធមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ ក្រុមយុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ដើម្បីទទួលបានការងារធ្វើផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ