ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”
Tue,05 August 2025 (Time 11:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 125នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់គម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ”។

អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងសិក្ខាកាមជាមន្រ្ដីរាជការ និងមន្រ្ដីជាកិច្ចសន្យាដែលកំពុងបម្រើការងារក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទសរុប ៧៦នាក់ ស្រី ៣៧នាក់ ។ មុនកិច្ចចាប់ផ្ដើមដំណើរការសិក្ខាសាលា គណៈអធិបតី និងសិក្ខាកាមទាំងអស់បានធ្វើការស្មឹងអារម្មណ៍ដើម្បីគោរពវិញ្ញាក្ខន្ធវីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់បរទេស ។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គសិក្ខាសាលា និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្ដីគ្រប់គ្រង និងអនុវត្តគម្រោងទាំងអស់ដែលបានខិតខំបំពេញការងារទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មឱ្យដំណើរការទៅប្រកបដោយភាបរលូន និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ស្របពេលដែលក្រសួងកំពុងបាននឹងពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហការជាមួយបណ្តាដៃគូទាំងទ្វេភាគី និងពហុភាគី ដើម្បីកសាង និងពង្រឹងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកលើការគ្រប់គ្រងនិងអនុវត្តគម្រោងនៅគ្រប់ផ្នែក ដូចជា ផ្នែកហិរញ្ញវត្ថុ, ផ្នែកលទ្ធកម្ម, ផ្នែកបច្ចេកទេស និងគុណភាពសាងសង់, ផ្នែកសុវត្ថិភាពផ្លូវថ្នល់, ផ្នែកគាំពារសង្គមនិងបរិស្ថាន, និងផ្នែកយេនឌ័រ ផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព” ក្នុងគោលបំណងធ្វើឲ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅ សមរម្យ មានសុខភាពល្អ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល ។ បច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងកម្មវិធីក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍សរុបចំនួន ២២គម្រោង ក្រោមហិរញ្ញប្បទានសម្បទាន និងឥតសំណង លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ជនបទ, ការផ្គត់ផ្គង់ទឹកស្អាត, ការប្រតិបត្តិអនាម័យ និងការអភិវឌ្ឍន៍សហគមន៍ជនបទ ដែលមានមន្ត្រីរាជការបំរើការសរុប ២៤៣រូប(ស្រី ៧១ រូប)។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍ម៉ឺងម៉ាត់ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នឹងបានគាំទ្រនូវយន្តការទ្វេភាគី ដែលមានស្រាប់ក្នុងការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងគាំទ្រសិទ្ធិស្វ័យការពារខ្លួនទប់ទល់ការឈ្លានពានពីសំណាក់បរទេស។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សិក្ខាកាមដែលក្នុងរយៈពេលពីរថ្ងៃនេះ ត្រូវត្រងត្រាប់ស្ដាប់គ្រូឧទ្ទេសនាមមានបទពិសោធន៍ សំដៅទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្មសម្រាប់យកទៅប្រើប្រាស់លើការគ្រប់គ្រង និងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានសម្បទាន និងឥតសំណងឱ្យទទួលបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ