ភ្នំពេញ÷នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ក្នុងនាមអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ប៉ែន សុបភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបាននាំយកថវិកាចំនួន “៤៣៤លានរៀល” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីបន្តគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មរផ្ដល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងមិនមានការរើសអើង។លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែល «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។ លោកអ្នកឧកញ៉ាបញ្ជាក់បន្ថែមថា ថវិកាទាំងនេះគឺទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសជន ដែលជាសមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់សកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការជួយអាយុជីវិត និងសង្គ្រោះកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” ។លោកអ្នកឧកញ៉ាបន្តថា ក្នុងនាមប្រធានសមាគម និងតំណាងឱ្យសមាជិកសមាជិកានៃសមាគម ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងក្នុងការបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិ។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និង «សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ជាស្ថាបនិក ចំពោះគំនិតលួចផ្ដើមដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា ក្នុងការបង្កើត និងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ។ក្នុងជំនួបខាងលើនេះ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ «សម្តេចធិបតី» និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលតែងតែបានចូលរួមសកម្មភាពមនុស្សធម៌ដោយសទ្ធាជ្រះថ្លា និងដោយស្ម័គ្រចិត្ត ជាបន្តបន្ទាប់ក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌ពិតៗ របស់សមាជិកសមាជិកា នៃសមាគម ក្នុងការជួយដល់សង្គមជាតិរបស់យើង។ ជាពិសេសក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះគឺជាការចូលរួមមួយដ៏សំខាន់បំផុត ក្នុងការជួយដល់ជីវិតកុមារកម្ពុជា។«លោកជំទាវបណ្ឌិត» បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ មានសប្បុរសជនជិត៣០ម៉ឺននាក់ បានបរិច្ចាគថវិកាសរុប ៥.៥លានដុល្លារ។ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជនមានទឹកចិត្តសប្បុរសយ៉ាងផុសផុលជាងឆ្នាំមុន និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ «លោកជំទាវបណ្ឌិត» បានគូសបញ្ជាក់ថា ទោះបីជាយុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ ក៏សាធារណជនដែលមានទឹកចិត្តសប្បុរសនៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ