ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយបានបញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើសមុខរបរដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យតម្រូវការងារពីក្រុមហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថានគ្រោងនឹងមានតម្រូវការនាពេលអនាគត។ លើសពីនេះ ក្រសួងបាន ប្រមូលព័ត៌មានជាធាតុចូលពីរបាយការណ៍ថ្នាក់តំបន់ The Future of Work: Regional Perspectives របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) និង របាយការណ៍ថ្នាក់សកល The Future of Jobs Report 2025 របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។ តាមរយៈលទ្ធផលនៃការអង្កេត និងវិភាគបានបង្ហាញថា ជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត មានដូចជា ទំនាញបច្ចេកវិទ្យា, វិស្វកម្ម, គ្រប់គ្រងទិន្នន័យ, បដិវត្តកម្មឌីជីថល និងជំនាញផ្នែកផលិតកម្មនិងកម្មន្តសាលជាដើម ដែលទាមទារឱ្យមានការពង្រីក និងបង្កើនកម្មវិធីបណ្តុះបណ្តាលបន្ថែម។ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍របស់យុវជនឱ្យបានយល់ដឹងអំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេកំពុងត្រូវការ នោះទើបពួកគាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខរបរនោះបាន»។នេះជាការបោះពុម្ភផ្សាយលើកទី៤ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ជំនាញអាទិភាព និងជម្រើសអាជីពនៅក្នុងវិស័យដែលកំពុងមានសក្ដានុពលនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២៤មក ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ