ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ជូនដល់សិក្ខាកាម ចំនួន១២០រូប ដែលក្នុងនោះមានមន្ត្រីរាជការក្រសួងទេសចរណ៍នៅថ្នាក់ជាតិ ចំនួន ៦៣រូប និងនៅមន្ទីរទេសចរណ៍រាជធានី ខេត្តចំនួន៥៧រូប។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទឧទ្ទេសនាមពីវាគ្មិនកិត្តិយស ឯកឧត្តម អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវពុទ្ធិថ្មីៗ និងបង្កើនសមត្ថភាពរបស់មន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានីខេត្ត អំពីមូលដ្ឋានគ្រឹះក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងរក្សាបាននូវសុវត្ថិភាពគតិយុត្ត នៃលិខិតបទដ្ឋានគតិយុត្ត ទាំងទម្រង់ និងខ្លឹមសារ ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ថ្លែងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារមួយដ៏សំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងរហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលជាលិខិតតូបករណ៍គតិយុត្តមួយដ៏សំខាន់ ក្នុងការតម្រង់ទិសរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយឈរលើគោលការណ៍ណែនាំរួមដែលក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្ត ដើម្បីធានាបានថាច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានដាក់ចេញមាន គុណភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព ចីរភាព សន្តិសុខគតិយុត្ត និងប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសារៈសំខាន់នៃកម្មវិធីកែទម្រង់ច្បាប់ដែលផ្តោតលើការបណ្តុះគំនិត ការប្រកាន់គោលការណ៍នីតិរដ្ឋ និងគុណតម្លៃនៃការគោរពច្បាប់ដោយផ្អែកលើប្រព័ន្ធច្បាប់ ដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព(Legal relevancy) ឧត្តមានុភាពគតិយុត្ត (Legal supremacy) សន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងនៅក្នុងបរិការណ៍កម្ពុជា ដែលគឺជាខឿនមិនអាចខ្វះបានសម្រាប់កម្ពុជា នៅក្នុងការកែទម្រង់ប្រព័ន្ធច្បាប់នេះ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនដែរថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺ ពិតជាបានឆ្លើយតបទៅនឹងគោលបំណងរបស់កម្មវិធីកែទម្រង់ដ៏មានសារៈសំខាន់ខាងលើ ព្រមទាំងអាចឆ្លើយតបបាននឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ ដើម្បីពង្រឹងស្ថាប័នផ្ទៃក្នុង ក្នុងនោះរួមមាន៖ ទី១). ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍, ទី២). ការពង្រឹងសមត្ថភាពស្ថាប័ន, ទី៣). ការកសាង និងអភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍, និង ទី៤). ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យលោក លោកស្រីសិក្ខាកាមទាំងអស់ ត្រូវចែករំលែកបន្តនូវចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពនៅក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ