ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ
Sat,16 August 2025 (Time 12:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ស្រុកកោះធំ និងមូលដ្ឋានឃុំទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ៊ំពូមីង បងប្អូន ក្មួយៗជាជនភៀសសឹក និងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃ។

ថ្លែងក្នុងអង្គពីធីសំណេះសំណាល ឯកឧត្តមប្រធាន បានស្វាគមន៍ដល់បងប្អូនគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ សង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា បណ្ដាលឱ្យមានការបាត់បង់អាយុ ជីវិតវីរៈកងទ័ព និងប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន ព្រមទាំងមានការភៀសខ្លួន ជនស៊ីវិលរាប់សែននាក់មកតំបន់សុវត្ថិភាព ហើយក៏ជាមូលហេតុនៃការវិលត្រឡប់ចូលស្រុករបស់ពលករប្រមាណជាង ៩០ម៉ឺននាក់ ដែលក្នុងនោះក៏រាប់បញ្ចូលទាំង អ៊ំពូមីង បងប្អូន ក្មួយៗនៅចំពោះមុខនេះផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏ផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ បងប្អូនគ្រួសារជនភៀសសឹក និងពលករត្រូវ តាមដានព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល និងមិនគួរសម្រេចចិត្តវិលត្រឡប់ទៅ ភូមិដ្ឋាននៅព្រំដែនវិញ ឬទៅប្រទេសសៀមវិញក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ ដោយអត់ធ្មត់ចំពោះស្ថានភាពលំបាក ចំពោះមុខនេះ និងផ្តល់ព័ត៌មានសហការជាមួយអាជ្ញាធរ និងរឹងមាំទាំងអស់គ្នា នេះជាទឹកដីកំណើតរបស់យើង ដូច្នេះត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជីវភាព ដោយរករបរទទួលទាន ឬការងារក្នុងមូលដ្ឋាន ពិសេសបងប្អូនដែលត្រឡប់មកពី ប្រទេសសៀម សូមប្រែក្លាយទៅជាកម្លាំងពលកម្មក្នុងប្រទេសយើង ដើម្បីអភិវឌ្ឍ ប្រទេសយើង។

ឯកឧត្តមប្រធានក៏បានគូសបញ្ជាក់បន្ថែម ចំពោះទីផ្សារការងារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយបងប្អូនអាច ទូរសព្ទទៅលេខ ១២៩៧ ឬស្កែន QR Code ដែលមាននៅ ក្នុងខិតបណ្ណដែលក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែកជូនក្នុងកម្មវិធី ដើម្បីស្វែងរកការងារធ្វើនៅក្នុងស្រុក។ ចាប់ពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមយុទ្ធនាការជុំទី៣ នៅ តាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះអ្នកស្វែងរកការងារ និងសម្ភាសន៍ជ្រើសរើស បុគ្គលិក ដោយក្នុងមួយថ្ងៃមានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់ ហើយសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការ សម្ភាសន៍ជ្រើសរើសបុគ្គលិកនេះដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom ក៏បាន។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានក៏សូមផ្តាំផ្ញើដល់ក្រុមការងារគណបក្ស ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងដោះស្រាយនូវលទ្ធភាពដែលអាចធ្វើទៅបានជូនបងប្អូនប្រជាពលរដ្ឋពិសេសសម្របសម្រួលពាក់ព័ន្ធឯកសាររបស់ពួកគាត់ ក្នុងករណីដែលលក្ខខណ្ឌការងារតម្រូវ និងចូលរួមសម្របសម្រួលការអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាបញ្ហាបំណុលធនាគា និងការបង់ប្រាក់ធនាគារ ដែលរាជរដ្ឋាភិបាលបានសម្រេចថ្មីៗនេះចំពោះយោធិនពលី ពិការ និងជនភៀសសឹកផងដែរ។ ចំពោះមណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវធានានូវការថែទាំសុខភាព ការព្យាបាល និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសជាមួយនឹងបងប្អូនប្រជាពលរដ្ឋទើបត្រឡប់មកនាពេលនេះ។

ក្នុងស្ថានភាពតានតឹងចំពោះមុខប៉ុន្មានថ្ងៃនេះ ប្រសិនបើសង្គ្រាមឈ្លានពានកើតឡើងសារជាថ្មី រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជ្យស្មើ មុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋភិបាល និងមានឆន្ទៈរួមគ្នាជាធ្លុងមួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ