ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥នេះ ពីសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅក្នុងប្រទេសស្វីស បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅក្នុងរបត់មួយដ៏សំខាន់ ពោរពេញដោយ ភាពមិនច្បាស់លាស់ ស្មុគស្មាញ និងប្រែប្រួលខ្លាំង ប្រកបដោយគ្រោះថ្នាក់។ មនុស្សជាតិកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំសកលកំពុងស្ថិតក្នុងវិបត្តិ។ ពហុភាគីនិយម និង សណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ខណៈដែលសង្រ្គាម និងការរំលោភច្បាប់អន្តរជាតិនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់។ ស្ត្រី និងកុមារ ជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ឆ្លើយតបនឹងស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ យើងទាំងអស់គ្នាចាំបាច់រួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងជំរុញពហុភាគីនិយមបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ការទូតសភាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការតាក់តែងសណ្តាប់ធ្នាប់ពិភពលោក ដែលមានលក្ខណៈពហុប៉ូល និងបែកខ្ញែក។សម្តេចបានសង្កត់ធ្ងន់ថា “ក្នុងនាមជារដ្ឋតូចមួយ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន”។សន្និសីទប្រធានសភាពិភពលោកលើកទី៦ កំពុងប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគណៈប្រតិភូសភា ជាប្រធាន អនុប្រធានសភាប្រមាណជាង ១០០ ប្រទេសចូលរួម។សុន្ទរកថាប្រកបដោយអត្ថន័យរបស់ សម្តេចប្រធានរដ្ឋសភា ទទួលបានការចាប់អារម្មណ៍ កោតសរសើរយ៉ាងក្រៃលែងពីអ្នកចូលរួម។សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សន្និសីទនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានិងគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក។សម្តេចបានគូសមានប្រសាសន៍ថា កិច្ចពិភាក្សាលើប្រធានបទស្តីពី “ពិភពលោកស្ថិតក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា”ពិតជាមានសារៈសំខាន់ និងសមស្របទៅនឹងពេលវេលាជាទីបំផុត។ជាមួយគ្នានេះសម្តេចរដ្ឋសភាធិបតី បានថ្លែងការអបអរសាទរ ចំពោះបទឈប់បាញ់ ដែលបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។សម្តេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ចំពោះការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។សម្តេចក៏បានថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបានសហការរៀបចំកិច្ចប្រជុំនេះឡើង ដោយមានការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្តមួយចំនួន មានសាធារណរដ្ឋប្រជាមានិតចិន ជាដើម។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “យើងសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តភក្តិអន្តរជាតិទាំងអស់ ដែលបានគាំទ្រដល់បទឈប់បាញ់នេះ ដែលបានជួយសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនទំាងពីរប្រទេសទាំងពីរ”។សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ប្រទេសជាមិត្តភក្តិ និងដៃគូអន្តរជាតិទាំងអស់ ជួយតាមដានដោយយកចិត្តទុកដាក់ ចំពោះការអនុវត្តបទឈប់បាញ់នេះ ដើម្បីធានាឱ្យបានថា ភាគីទាំងសងខាង គោរពកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុងធានាសុខសន្តិភាពជាយូរអង្វែងតទៅ។សូមជម្រាបថាក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦នេះ បណ្តាថ្នាក់ដឹកនាំសភានិងថ្នាក់ដឹកនាំអង្គការស្ថាប័នអន្តរសភា ជាច្រើនបានអបអរសាទរចំពោះបទឈប់បាញ់កម្ពុជានិងថៃ នៅក្នុងនោះមាន ឯកឧត្តម ម៉ាទីន ជុងហ្គុង(Martin Chungong ) អគ្គលេខាធិការនៃសហភាពអន្តរសភា IPU ផងដែរ។ ឯកឧត្តម បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះបទបឈប់បាញ់ និងបានអំពាវនាដល់អង្គសន្និសីទគាំទ្រ និងតាមដានចំពោះការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ