ភ្នំពេញ៖សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានពង្រីកសក្ដានុពល និងបោះទៅមុខមួយជំហានទៀតហើយក្នុងបេសកកម្មរួមចំណែកបណ្ដុះបណ្ដាល និងពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសមុំធនធានមនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណ។នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួម ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ចនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំណាយទឹកប្រាក់សាងសង់ជាង៩សែនដុល្លារអាម៉េរិក។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា វិទ្យាស្ថានថ្មីនេះ មានគោលបំណងបណ្ដុះបណ្ដាលសហគ្រិនភាពដល់យុវជន សិស្ស និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងផ្ដល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្ម ក្រោមការណែនាំ និងបណ្ដុះបណ្ដាលពីសាស្ដ្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់ មុនចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅបរទេស។ឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមកបែបប្រាកដនិយម ក្នុងឱកាសនោះដែរ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយ សហគ្រិនខ្មែរ ក្រោមអធិបតីដឹងឮ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា ដើម្បីជំរុញការវិនិយោគលើការអភិវឌ្ឍសហគ្រិនភាពពីកម្រិតមូលដ្ឋាន សហគ្រិនខ្មែរ កំពុងបង្កើតនូវមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាព ខណៈឯកឧត្តមបណ្ឌិត សិត ខន បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ មានគោលដៅ ក្នុងការបណ្តុះសហគ្រិនមានទេពកោសល្យ និងកសាងមូលដ្ឋានរឹងមាំសម្រាប់ អនាគតកម្ពុជា។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទៅជាមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល មុនគេបង្អស់នៅកម្ពុជា។ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន៦,៦៨៧នាក់ រួមមាន មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ