ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបង់ក្លាដែសមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដែស កាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដែសបានអរគុណសម្ដេចតេជោដែលបានផ្ដល់ឱកាសដល់ឯកឧត្តមបានជួបសម្ដេច។ឯកឧត្តមបានលើកឡើងនូវចំណុច២ ដែលសុំការគាំទ្រពីសម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាការសុំការគាំទ្រពីកម្ពុជា ទី១ ឯកឧត្តមបានលើកឡើងដោយស្នើឲ្យមានការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងបង់ក្លាដែសឲ្យកាន់តែមានការកើនឡើង និងមានភាពសកម្មជាងមុន ឯកឧត្តមបានលើកឡើងពីទិដ្ឋភាពសក្តានុពលដែលប្រទេសកម្ពុជាមានជាពិសេសភាពរីកចម្រើន និងការអភិវឌ្ឍឆាប់រហ័ស ដោយឯកឧត្តមលើកឡើងថាកាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនប្លែក។ ទី២ឯកឧត្តមបានស្នើ និងសុំឲ្យកម្ពុជាគាំទ្របង់ក្លាដែស គឺតួនាទីរបស់ បង់ក្លាដែសក្នុងការធ្វើជាដៃគូរបស់អាស៊ាន។ឯកឧត្តមបានបញ្ជាក់ថា បង់ក្លាដែស ចង់ចូលរួមចំណែកធ្វើជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយអាស៊ាន តាមដែលបង់ក្លាដែសអាចធ្វើទៅបាន ជាពិសេសនៅក្នុងស្ថានភាពថ្មីៗនេះ គឺបញ្ហាមីយ៉ាន់ម៉ាក្នុងនាមបង់ក្លាដែសជាប្រទេសជិតខាងជាប់ភូមិផងជាមួយមីយ៉ាន់ម៉ា ជាផ្នែកមួយអាចសន្ទនាជាមួយអាស៊ានជួយដល់តំបន់អាស៊ានផងដែរ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយសម្ដេចគាំទ្រចំពោះជំហររបស់បង់ក្លាដែសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដែសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាន ទាំងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខ័ណ្ឌដទៃទៀត ជាពិសេសបញ្ហាមីយ៉ាន់ម៉ា ក្នុងនាមបង់ក្លាដែសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ា ដែលជាផ្នែកសំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ា។សម្ដេចតេជោក៏គាំទ្រផងដែរ ក្នុងការជំរុញ ពាណិជ្ជកម្ម កម្ពុជា-បង់ក្លាដែស មានការវិនិយោគ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។សម្ដេចបន្តថា ស្នូលនៃទំនាក់ទំនងរវាង កម្ពុជានិងបង់ក្លាដែស គឺមិនអាចកាត់ផ្ដាច់បានពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងការវិនិយោគបាននោះទេ។សម្ដេចបានផ្ដល់ជាគំនិតថា បង់ក្លាដែស គួរតែគិតគូរបន្ថែមក្នុងការចូលជាដៃគូ នៃ RCEP ពីព្រោះថាបច្ចុប្បន្ននេះ RCEP កំពុងតែបើកផ្លូវឱ្យសមាជិកចូលបន្ថែមហើយបង់ក្លាដែសជាប្រទេសដែលមិនឆ្ងាយពីតំបន់អាស៊ីអាគ្នេយ៍របស់យើង ដូច្នេះជាឱកាសប្រសិនបើបង់ក្លាដែសអាចចូលជាសមាជិក RCEP បាន ។ឯកឧត្តមក៏បានពេញចិត្តចំពោះ ការផ្ដល់យោបល់របស់សម្ដេចតេជោ ដែលចង់ឲ្យបង់ក្លាដែសចូលជាសមាជិក RCEP ហើយឯកឧត្តមនឹងរាយការណ៍ទៅរដ្ឋាភិបាលរបស់លោក ហើយនឹងពិចារណាចូលជាសមាជិករបស់ RCEP។ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ជាពិសេសរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ ដល់ជនជាតិបង់ក្លាដែសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ហើយបានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត ICJ ។ឯកឧត្តមក៏បានសំដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក។ឯកឧត្តមបានបញ្ជាក់ទៀតថា សម្ដេចតេជោជាមេដឹកនាំដ៏ឆ្នើមដែលពិភពលោកត្រូវការ ហើយឯកឧត្តមរំពឹងថាតាមរយៈទំនាក់ទំនងរវាងកម្ពុជា និងបង់ក្លាដេស នឹងកាន់តែរីកចម្រើនបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ