ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ចង់ឲ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់កម្ពុជា ពិសេសបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដើម្បីពង្រីកវិស័យទេសចរណ៍បន្ថែមទៀត
Thu,19 June 2025 (Time 05:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមនិងប្រតិភូដែលបានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទងទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ របស់ម៉ាឡេស៊ីបានសម្ដែងនៅការអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាផ្ដល់ឱកាសឲ្យឯកឧត្តម និងសហការីបានជួបសំដែងការគួរសមនៅពេលនេះ។

ឯកឧត្តមបានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី និងការកើនឡើងអ្នកទេសចរណ៍ម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរណ៍ជាមួយគ្នាឲ្យកាន់តែរីកចម្រើនតាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍នៃប្រទេសទាំងពីរ ដែលជាផ្នែកមួយដ៏សំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រជាជននិងប្រជាជន។

សម្ដេចតេជោក៏បានលើកឡើងចង់ឲ្យមានការពង្រីកជើងហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញ សម្ដេចបានស្នើឲ្យមានការបង្កើនជើងហោះហើរទៅកាន់ខេត្តសៀមរាប និងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីពង្រីកនៃវិស័យទេសចរណ៍បន្ថែមទៀត។

នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោក៏បានជម្រាបប្រាប់ដល់ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។

សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ