ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចក្រឡាហោម បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
Tue,17 June 2025 (Time 08:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម និងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមាន៖ បញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្រុកកំរៀង, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត។

ក្នុងឱកាសចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្ដេចក្រឡាហោម បានកោតសរសើរ និងលើកទឹកចិត្តកងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារ បូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់
ដឹកនាំតាមអង្គភាព។

សម្ដេចបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យមេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះនៅតាមគោលដៅនានាផងដែរ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡហោម និងគណៈប្រតិភូក៏បានឆ្លៀតចូលសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្តប៉ៃលិន និងបានចុះពិនិត្យមើលកន្លែងផ្ដល់សេវានៅច្រកចេញ-ចូលតែមួយរបស់ សាលាខេត្ត។

សម្ដេចក្រឡាហោម បានកោតសរសើរមន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដែលមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ