ភ្នំពេញ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងវេទិកាដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ឧទាហរណ៍ជាក់ស្តែងរួមមានការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើងស្របតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។តាមរយៈវេទិកានេះ និងកិច្ចសហប្រតិបត្តិការនានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយកប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថានសកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះការគាំទ្ររបស់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ទន្ទឹមនឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានក៏ផ្តោតលើការអភិវឌ្ឍសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមឱ្យមានគម្រោងស្រូវ និងការចិញ្ចឹមសត្វ (គោ ក្របី ជ្រូក មាន់ ត្រី) រួមទាំងការលើកកម្ពស់ការដាំបន្លែ និងផ្សិត ដើម្បីកសាងជីវភាពប្រកបដោយនិរន្តរភាព។ ដែលនេះជាដំណោះស្រាយរួមគ្នាជាមួយវិស័យជាច្រើនដូចជា ឧស្សាហកម្ម ថាមពល កសិកម្ម រុក្ខាប្រមាញ់ សំណល់ និងទឹក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងសហគមន៍។លើសពីនេះ កម្ពុជាក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (នឹងប្រកាសផ្លូវការថ្ងៃទី២២ ឧសភា)។របាយការណ៍ជាតិ២ឆ្នាំម្តង (BTR) ជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជា (Cambodia Methane Road) ជូន UNFCCC។ និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ (NBSAP)។ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ