(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយលោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនោះ លោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី២សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦សង្វៀន ក្នុងមួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាមបណ្តាប្រទេសមួយចំនួន។លោក វ៉ា សុធា ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីផងដែរថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។បន្ថែមពីលើនេះ លោក វ៉ា សុធា ក៏បានគោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់តេជោសន្តិភាពលើកទី៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាបនាពេលខាងមុខនេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំងនឹងមានការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ ទៅកាន់សហរដ្ឋអាម៉េរិកផងដែរ។ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូ មកពីស្ថាប័នប្រដាល់សេរីពិភពលោក (WCK) និង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ ថោន (TOWN) ដែលបានសហការជាមួយស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ដែលនេះ គឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញ ការផ្សព្វផ្សាយ និងការលើកកម្ពស់ស្មារតីសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក។សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុងការកសាងមិត្តភាពផងដែរ។ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែរ រួមមានការដាក់បញ្ចូលគុនល្បុកតោ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ និងបានដាក់យុទ្ធគុន មួយចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជាគុនល្បុក្កតោ យុទ្ធក្រមខម និងគុនខ្មែរជាដើម។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្តេចចង់ឃើញយុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្ដាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។សម្ដេចមហាបវធិបតី ក៏បានលើកទឹកចិត្តឱ្យស្ថានីយ៍ទូរទស្សន៍ថោន (TOWN) បន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិជាមួយស្ថាប័នប្រដាល់សេរីអន្តរជាតិនានា ឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបានជូនពរឱ្យការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ទទួលបានជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ