ភ្នំពេញ៖ ប្រតិភូព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទីបួន នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទីបួន នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះសម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភានាពេលនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ព្រមទាំងកិច្ចការសំខាន់ៗ មួយចំនួនទៀត ពាក់ព័ន្ធការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកិច្ចការមួយចំនួនទៀតដែលបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់។ឈរលើមូលដ្ឋានសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ឯកឧត្តមបណ្ឌិត នាង ផាត ជាថ្មីម្ដងទៀត បានបង្ហាញការកត់សម្គាល់លើសកម្មភាពសំខាន់ៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ទាំងការអញ្ជើញដឹកនាំកិច្ចប្រជុំនានាក្នុងកម្រិតក្រសួងមហាផ្ទៃ និងនៅតាមបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ការអញ្ជើញចុះទៅកាន់មូលដ្ឋានផ្ទាល់ដើម្បីត្រួតពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីទាំងកម្មវិធីគ្រោង និងមិនគ្រោងទុកមុន ព្រមទាំងដំណើរបំពេញបេសកកម្មក្រៅប្រទេស ដើម្បីនាំមកនូវផលប្រយោជន៍ដល់ជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តនានា។ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទីបួននៃព្រឹទ្ធសភា និងប្រតិភូ ដែលបានវាយតម្លៃជាវិជ្ជមាន និងផ្តល់ការលើកទឹកចិត្តខ្ពស់មកកាន់ឯកឧត្តម ក៏ដូចជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល។ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញនូវការទទួលយកអនុសាសន៍ និងមតិយោបល់ល្អៗ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ច និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងន័យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ឱ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ