ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលរៀបចំដោយ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៃខេត្តពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។ សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកលទ្ធផលនៃគម្រោងសុវត្ថិភាពចរាចរណ៍ ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធគ្រប់វិស័យក្នុងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ JICA និងក្រុមអ្នកជំនាញការជប៉ុន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតសម្រេចបាននូវលទ្ធផលនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៥ នាពេលនេះ។ សមិទ្ធផលនៃគម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករងរបួសឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តផ្តោតលើការងារជួសជុលថែទាំផ្លូវ-ស្ពាន និង បំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ដូចជា ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់។ លើសពីនេះតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក៏បាន និងកំពុងសហការបន្តអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអ្នកដែលបានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។ក្នុងឱកាសនេះដែរ លោក សានុយ កាហ៊ីរ៉ូមាសា (SANUI KAZUMASA) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានថ្លែងថា កាលពីខែមីនា ឆ្នាំ២០២១ JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ គម្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តការយល់ដឹងពីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលផ្តោតលើចំណុចសំខាន់ៗ ៣ គឺពង្រឹងច្បាប់ ការអប់រំ និង វិស្វកម្ម ។ លោកប្រធាន JICA បានបន្តដោយសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំ និង ៦ខែ ដែលបានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២១ ត្រូវបានចែកចេញជា ២ដំណាក់កាលគឺ៖ ដំណាក់កាលទី១ ចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ និង ដំណាក់កាលទី២ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ