ភ្នំពេញ៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ សហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា៖ «មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ខ្ញុំបានសម្រេច៖១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖- សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។- សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវា ជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។- សិក្សាធ្វើអោយប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់ នៅតំបន់ជើងភ្នំផងដែរ។២៖ ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការសម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ទាំងនេះនឹងអាចចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ