បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវតែចេះលេងកីឡាយ៉ាងតិចមួយបន្ថែមទៀត ក្រៅពីការរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស Digital ដើម្បីចៀសឆ្ងាយពីអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងបានរឹងមាំផង ក៏ដូចជាចូលរួមលើកកម្ពស់វិស័យកីឡារបស់ជាតិផង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សង្គមជាតិឱ្យមានការរីកចម្រើនផងដែរ ។សារណែនាំនេះបានធ្វើឡើងនៅក្នុងពេលដែលក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានឃុំតាគ្រាម បានរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដើម្បីជ្រើសរើសយកកីឡាករឆ្នើម ត្រៀមការចូលរួមប្រកួតទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិបន្តទៀត ។លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់នាពេលនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានធ្វើការបញ្ចេញនូវទេពកោសល្យផ្នែកកីឡា បន្ទាប់ពីបានធ្វើការហ្វឹកហាត់រួចមក សម្រាប់ការចូលរួមប្រកួតប្រជែង ដោយមានវិន័យ សេចក្តីថ្លៃថ្នូរល្អ ចៀសជាងទុកពេលវេលា ដែលនៅសេសសល់ចោលអត់ប្រយោជន៍ ហើយអាចនឹងពើបប្រទះនឹងរឿងអបាយមុខនានា ។លោក បានបន្តថា នេះគឺជាចំណុចសំខាន់ណាស់ ដែលការបង្កើតក្រុមកីឡាបាល់ទាត់ បាល់ទះ ប្រដាល់ ឬក្រុមលិល្បៈនៅក្នុងមូលដ្ឋានរបស់យើងនេះ ហើយក៏ជាបំណងប្រាថ្នារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ក្នុងវិស័យកីឡា ដើម្បីធ្វើឱ្យវិស័យកីឡានេះ កាន់តែមានការរីកចម្រើនថែមទៀត ។លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ បានជំរុញឱ្យយុវជនរៀនជំនាញកុំព្យូទ័រ និងបច្ចេកទេស Digital ខណៈពេលនេះ ក្នុងឃុំតាគ្រាម ទើបទទួលបានកុំព្យូទ័រចំនួន៥០គ្រឿងបន្ថែមទៀតសម្រាប់ឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឃុំតាគ្រាម បានមករៀនសូត្របន្ថែម នៅពេលដែលមានឱកាស ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលនូវមូលធនមនុស្សផ្នែកចំណេះដឹងខាងកុំព្យូទ័រ Digital ស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងរីកចម្រើនលើបច្ចេកវិទ្យា Digital នឹងធ្វើឱ្យយុវជនយើងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសជាងនេះទៀតនោះ គឺស្របទៅតាមគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើកត្តាគន្លឹះអាទិភាពទាំង៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា Digital ។អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានឃុំតាគ្រាម លោក នាយឧត្តមសេនីយ៍ ឃុន សំបូរ បានឱ្យដឹងថា សម្រាប់ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល នាពេលនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ដោយមានកីឡាករ កីឡាការិនីចំនួន១១ក្រុម ដែលជាកីឡាករ ជ្រើសរើសតាមភូមិទាំង១១ភូមិ ក្នុងឃុំតាគ្រាម ពោលគឺ ក្នុងមួយភូមិ ត្រូវតែមានកីឡាករមួយក្រុមមកចូលរួមប្រកួត ដោយមិនមានក្រុមកីឡាករ កីឡាការិនីណា ក្រៅពីឃុំតាគ្រាម ចូលរួមប្រកួតឡើយ ។លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ បានបញ្ជាក់ថា រយៈពេលនៃការប្រកួត គឺមាន១៦ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។ ចំណែករង្វាន់សម្រាប់ ក្រុមកីឡាករ ទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា៥លានរៀល ក្រុមកីឡាករទទួលបានជ័យលាភីលេខ២ ទទួលបានថវិកា ៣លានរៀល និងក្រុមកីឡាករទទួលបានជ័យលាភីលេខ៣ ទទួលបានថវិកា២លានរៀល ។ដោយឡែកសម្រាប់ក្រុមកីឡាករចំនួន៨ក្រុមទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងមួយក្រុមៗ ទទួលបានថវិកា ១លាន៥សែនផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ