ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានី៖ គម្រោងផ្លូវថ្មើជើង ឬ Walk Street នឹងបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ
Sat,08 February 2025 (Time 01:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង ឬ Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺបានគិតគូររកគន្លឹះនៃការទាក់ទាញ។

ខាងលើនេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើជើង (Walk Street) នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោយពីបើកសាល្បងផ្លូវថ្មើជើង (Walk Street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រ និងបានទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ទន្ទឹមនិងនេះយើងក៏បានមើលឃើញ ពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូល យកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត”។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ជាជំហានបន្តត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋ ដែលទៅដើរលេងកំសាន្តនៅផ្លូវថ្មើជើងនេះ។ បន្តមកទៀត គឺការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។

អាជ្ញាធររាជធានីភ្នំពេញ ជឿជាក់ថាក្រោយបន្ថែមការរៀបចំ នូវអ្វីដែលបានលើកឡើងខាងលើនេះ អាចធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ នឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។

កិច្ចប្រជុំដដែរនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ និងជំរុញឱ្យមានការសំអាតអនាម័យបរិស្ថាន ត្រូវតែស្អាតមានសោភណ្ឌភាព ទើបជាកន្លែងទាក់ទាញ។

កិច្ចប្រជុំនេះ ក៏បានបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ខ្សែ រត់រថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវថ្មើរជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ទី៣ និង៤A ក្នុងនោះមាន៖
-ខ្សែទី ២A ចេញដំណើរពីស្ថានីយរថយន្តក្រុងកួចកាណុង ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២
-ខ្សែទី៤A ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street)ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ