ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កំពុងស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារាមថា "ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ" ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ
Wed,12 February 2025 (Time 02:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 164នាក់)

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា "ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ ដុល្លារ"។

ពាក់ព័ន្ធនឹងករណីមានការបង្ហោះថា "ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ យកលុយគេហើយហាមគេមិនឱ្យនិយាយទៀត យកល្អគួរយកលុយឱ្យគេវិញទៅអាណិតគ្នា", លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ចំពោះរឿង៥៥០០ដុល្លារ លោកសូមបដិសេធទាំងស្រុង ហេីយលោកនឹងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើសេចក្ដីបំភ្លឺពីភាពស្អាតស្អំដល់អង្គភាពនិងមន្ត្រីអនុវត្តច្បាប់។

អមសាលាដំបូងខេត្តត្បូងឃ្មុំបានចេញសេចក្ដីបំភ្លឺនៅថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ៖ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជា មេជាង, ២.ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដាវវែង ចំនួន០៣ដើម, ដាវខ្លីចំនួន០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន០១ដើម, កាំបិតខ្វែវ ចំនួន០២ដើម, កាំបិតប៉័ងតោចំនួន០៣ដើម, កាំបិតស្នៀតចំនួន០៧ដើម, ពូថៅចំនួន០២ដើម, ស្រោមដាវធ្វើពីឈើ ចំនួន០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន០៥ និងម៉ូទ័រចំនួន០៥។

ក្រោយពីតំណាងអយ្យការធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី ភេទប្រុស និងឈ្មោះ អិន ប្រុសទូច ភេទប្រុស តំណាងអយ្យការបានសម្រេចឱ្យជន សង្ស័យទាំងពីរនាក់បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា "ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ" ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ