ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការ-ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ- ឯកឧត្តម-លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលរាជធានី-ខេត្ត, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។នាឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថានប័ន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាននូវសមិទ្ធផលជូនជាតិបានយ៉ាងច្រើន។ឆ្លងកាត់តាមការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលមួយឆ្លាំកន្លងមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការកត់សម្គាល់ លើចំណុចមួយចំនួន ដូចជា៖ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាចម្បង ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការអនុវត្តនេះបានចូលរួមចំណែក ដល់ការពង្រឹងរដ្ឋបាលសារធារណៈ ឱ្យក្លាយជាស្ថាប័ន្ធទំនើប ខ្លាំងវ័យឆ្លាត និងស្អាតស្អំ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិសតាមដានវាយតម្លៃទៅលើការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួននាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឱ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើប្រាស់ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ។នាឱកាសនោះដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានក្ដីសង្ឃឹមថា អង្គសន្និបាតនឹងចូលរួមផ្ដល់យោបល់ល្អបន្ថែមទៀត ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានធាតុចូលបន្ថែម ក្នុងការរៀបចំយុទ្ធសាស្ដ្រ ដឹកនាំជាបន្ដទៀត។យោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤បើទោះបីកម្ពុជា បានទទួលរងឥទ្ធិពលអវិជ្ជមានពីសកលលោក និងក្នុងតំបន់ក្តី ប៉ុន្តែកម្ពុជានៅរក្សាបានសុខសន្តិភាព ការពារបានអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបាននូវស្ថិរភាព នយោបាយ និងសន្តិសុខផ្ទៃក្នុង ធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ជាក់ស្តែង កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ការ ទប់ស្កាត់ទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ និងការប៉ុនប៉ងធ្វើសកម្មភាពបង្កអសន្តិសុខសង្គម ជាពិសេសការធានានូវប្រក្រតីកម្មនៃជីវភាព សង្គម និងស្ថាប័នជាតិ ព្រមទាំងធានាបានសុវត្ថិភាពទាំងស្រុងនូវបណ្តាព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិ ក៏ដូចជា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងបន្តរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ទន្ទឹមគ្នានេះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម មានការវិវត្តប្រែប្រួលកាន់តែល្អប្រសើរ ជាលំដាប់ តាមរយៈការចូលរួមក្នុងចលនាអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្របតាមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលក្នុងរយៈពេលមួយឆ្នាំ២០២៤ ត្រូវបានចាត់តាំងអនុវត្ត យ៉ាងសស្រាក់សស្រាំ និងផុលផុស៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ