ព្រៃវែង៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលេីកឡេីងដូចនេះក្នុងពីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ លោកបានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែម ដូចពេលបច្ចុប្បន្នទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី ២២ ដល់ ២៥ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាចមានហានិភ័យខ្ពស់ កា្លយជាអ្នកជំងឺទឹកនោមផ្អែម ដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានក្រើនរម្លឹកដល់ឳពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសនាយកសាលា នាយិកា ដែលជាគណៈគ្រប់គ្រង ឱ្យជួយអប់រំណែនាំពីប៉ះពាល់ទឹកផ្អែមដល់កុមារ ក្នុងម៉ោងសិក្សា ស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅ ដើម្បីឱ្យកុមារ មានការយល់ដឹង ចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំសារជាថ្មីដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ផ្តល់សេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ