(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំខេត្តបាត់ដំបង។បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក លោក សុខ លូ មានប្រសាសន៍ថា អង្គសន្និបាតប្រចាំឆ្នាំនេះធ្វើឡើងដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំសិក្សាបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយផ្តោតជាសំខាន់ទៅលើបទបង្ហាញពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅបន្តសម្រាប់យកទៅអនុវត្តនាឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ខាងមុខ ដែលនឹងត្រូវដាក់ជូនអង្គសន្និបាត ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក វាយតម្លៃឱ្យបានត្រឹមត្រូវព្រមទាំងកំណត់ទិសដៅ វិធានការ និងសកម្មភាព ឱ្យបានសមស្របតាមការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។លោក អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបាត់ដំបងសម្រេចបានលើវិស័យអប់រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។លោក បានជំរុញឱ្យ លោកគ្រូ អ្នកគ្រូជួយផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងសមិទ្ធផលដែលបាននិងកំពុងអភិវឌ្ឍសម្រេចបានជាបន្តបន្ទាប់។លោក សុខ លូ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចជួយអប់រំពន្យល់សិស្សានុសិស្សនិងប្រជាពលរដ្ឋឱ្យបញ្ឈប់ការដុតជញ្ជ្រាំង ឬការដុត ភ្នក់ភ្លើងផ្សេងៗដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ