ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ណែនាំអភិបាលខេត្ត ជាប់ព្រំដែន​ជាមួយប្រទេសថៃ ត្រូវចាត់​វិធាន​ការ​ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិ និងបូរណ​ភាព​ទឹកដី
Tue,09 December 2025 (Time 07:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្ត នៅជាប់ព្រំដែន​ជាមួយប្រទេសថៃ ត្រូវចាត់​វិធាន​ការ​ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិ និងបូរណ​ភាព​ទឹកដី។
ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ អនុវត្តវិធានការចំនួនដូចខាងក្រោម៖
ទី១៖ ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ដែលមានហានិភ័យខ្ពស់ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។
ទី២៖ ត្រូវចាត់ចែង និងផ្តល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភាគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជម្រក ឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យបានសមស្រប។
ទី៣៖ អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និងសប្បុរសជននានា ឱ្យផ្តល់ជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គមចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។
ទី៤៖ ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្តល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យខ្មាំងសត្រូវបរទេស។
ទី៥៖ ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។
ទី៦៖ ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទៃ រៀងរាល់ពេលព្រឹក (ម៉ោង៧) ពេលរសៀល (ម៉ោង១២) និងពេលល្ងាច (ម៉ោង១៨) អំពីសភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់ផ្សេងទៀត។
ទី៧៖ ត្រូវចាត់ឱ្យមានក្រុមការងារមួយទៀតទទួលកត់ត្រា និងចងក្រងភស្តុតាងនូវរាល់ការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមាន អ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត(សូមភ្ជាប់មកជាមួយនូវ រូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន)។
ទី៨៖ ត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក (ដ្រូន)របស់ជនស៊ីវិល និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា រហូតដល់សភាពការណ៍វិលមករកប្រក្រតីភាពវិញ។
ទី៩៖ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹង និងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ