ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ឃួន សុដារី៖ ការទូតសភា ដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងវិធានការកសាងទំនុកចិត្ត និងជួយទប់ស្កាត់ជម្លោះ
Tue,09 December 2025 (Time 01:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម ជម្រាបលានិងទទួលអនុសាសន៍ មុនចាកចេញទៅបំពេញតួនាទីជាអគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) សម្រាប់អាណត្តិទី៧ នាពេលខាងមុខឆាប់ៗនេះ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីតួនាទីដ៏សំខាន់របស់អាយប៉ានៅក្នុងតំបន់ និងអន្តរជាតិ ដែលជាស្ពានដ៏សំខាន់មួយក្នុងការបណ្តុះទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ និងនាំមកនូវលទ្ធផលជាឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។

ក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់ថា ការទូតសភា ដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងវិធានការកសាងទំនុកចិត្ត និងជួយទប់ស្កាត់ជម្លោះ។ ការលើកកម្ពស់អាស៊ានដែលផ្តោតលើប្រជាជន និងផ្អែកលើច្បាប់ ព្រមទាំងពង្រីកភាពជាដៃគូ ជាមួយតួអង្គខាងក្រៅ ក្នុងនោះជាមួយសភាសង្កេតការណ៍ និងដៃគូនានាក្នុងតំបន់និងពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូន ឯកឧត្តម ចែម វីឌ្យ៉ា និងក្រុមគ្រួសារព្រមទំាងសហការី ចូលជួបសម្តែងការគួរសម ជម្រាបលានិងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៥ ក្នុងខណៈដែល ឯកឧត្តមនឹងចាកចេញពីកម្ពុជា ចូលកាន់តំណែងជាអគ្គលេខាធិការ អាយប៉ា មានការិយាល័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលអាណត្តិជាអគ្គលេខាធិការ អាយប៉ា មានរយៈពេលបីឆ្នាំ។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ ដែលជាខ្មែរមួយរូប សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរ និងជូនពរ ចំពោះ ឯកឧត្តម ចែម វីឌ្យ៉ា ដែលត្រូវសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជ្រើសតំាងជាបេក្ខភាព អគ្គលេខាធិការអាយប៉ា ហើយត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្រេចគាំទ្រ និងអនុម័តជាឯកច្ឆន្ទ តែងតាំងជាអគ្គលេខាធិការអាយប៉ា សម្រាប់អាណត្តិទី៧។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សភាកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលពិតជារីករាយ និងមោទនភាពចំពោះឯកឧត្តម ជាកុលបុត្រខ្មែរមួយរូប ដែលបានទទួលនូវមុខតំណែងដ៏សំខាន់ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិតំបន់មួយនេះ ដែលបាននិងកំពុងដើរតួនាទីដ៏សំខាន់ សកម្ម និងពោរពេញដោយថាមវន្ត ក្នុងការលើកកម្ពស់តួនាទីការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ការទទួលបាននូវមុខតំណែងដ៏សំខាន់នេះ ពិតជាស័ក្តិសម បំផុតទៅនឹងសមត្ថភាព បទពិសោធន៍ វិជ្ជាជីវៈ និងស្នាដៃដ៏ឆ្នើម របស់ឯកឧត្តម។ការទទួលបាននូវមុខតំណែងនេះគឺ ជាមោទនភាពជាតិមួយ ហើយក៏ ជាទំនួលខុសត្រូវដ៏ធំធេង មួយដែលឯកឧត្តម ត្រូវបំពេញ និងរ៉ាប់រងឱ្យបានជោគជ័យ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា ការចូលកាន់តួនាទីរបស់ឯកឧត្តម ចែម វីឌ្យ៉ា ស្ថិតនៅក្នុងរបត់មួយដ៏លំបាក ដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ។ ប៉ុន្តែទោះជាយ៉ាងណាសម្តេចមានជំនឿមុតមាំថា ឯកឧត្តមនឹងបំពេញតួនាទីស្របតាមវិជ្ជាជីវៈ គោរពនូវគោលការណ៍និងធម្មនុញ្ញអាស៊ាននិងអាយប៉ា ដើម្បីសម្រេចបាននូវចក្ខុវិស័យអាស៊ាន ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព ប្រកបដោយចីរភាពនិងវិបុភាពដោយយកពលរដ្ឋជាស្នូល។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព និងប្រាថ្នារួមរស់ជាមួយគ្នាដោយស្មារតីមិត្តភាព ជាពិសេសជាមួយបណ្តាប្រទេសភូមិផងរបងជាមួយ ព្រោះធ្លាប់បានភ្លក់រសជាតិ និងសោកនាដកម្មនៃភ្លើងសង្រ្គាម ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កម្ពុជាយល់ច្បាស់ណាស់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានទេ។ កម្ពុជាតែងគោរពគោលការណ៍សន្តិសហវិជ្ជមាន រួមរស់ជាមួយគ្នាដោយសន្តិភាពនិងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចបានរំលឹកថា កាលពីមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញាកន្លងទៅនេះ ក្នុងចំណោមសេចក្តីសម្រចចំនួន៤២ ដែលមហាសន្និបាតបានអនុម័តមានសេចក្តីសម្រេចចំនួនបី ស្នើឡើងដោយសភាកម្ពុជា មាន ១) សេចក្តីសម្រេច ស្តីពី ធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី (Universal Peace Charter) ទីពីរសេចក្តីសម្រេចស្តីពី ការបង្កើតវេទិកាភាពជាអ្នកដឹកនាំរបស់អាយប៉ា (AIPA Leaders Forum) និង សេចក្តីសម្រេចស្តីពីការបង្កើតវេទិកាកសាងភាពជាដៃគូអាយប៉ា (AIPA Partnership Platform)។
សម្តេចមានជំនឿមុតមាំថា ក្នុងតួនាទីជាអគ្គលេខាធិការធិការ អាយប៉ា ឯកឧត្តម ចែម វីឌ្យ៉ា នឹងបន្តជំរុញគំនិតផ្តួចផ្តើមនានាធ្វើយ៉ាងណា ឱ្យការអនុវត្តសេចក្តីសម្រេចនេះ ចេញជាលទ្ធផលផ្លែផ្កា ដើម្បីជាប្រយោជន៍របស់ អាយប៉ា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។ កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានលះបង់ជាច្រើនដើម្បីសុខសន្តិភាពមិនតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់មនុស្សជាតិទំាងមូល តាមរយៈការបង្កើតនូវ ធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ជាដើម។

ឯកឧត្តម ចែម វីឌ្យ៉ា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានអនុញ្ញាតជូនឯកឧត្តមនិងក្រុមគ្រួសារព្រមទំាងសហការី បានចូលជួបសម្តែងការគួរសម ជម្រាបលានិងទទួលបានអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។

ឯកឧត្តមបានគោរពកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងគេនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា កាន់កិច្ចការដ៏សំខាន់ជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយភាពប៉ិនប្រសប់ សម្រេចបានលទ្ធផលជូនជាតិប្រកបដោយក្តីមោទន។

ឯកឧត្តម ចែម វីឌ្យ៉ា បានលើកឡើងថានៅក្នុងស្ថានភាពកម្ពុជាប្រឈមនិងការឈ្លានពានពីប្រទេសជិតខាង សម្តេចប្រធានរដ្ឋសភា បានប្រើប្រាស់នូវយន្តការការទូតសភាប្រកបដោយភាពទន់ភ្លន់ រឹងមាំ បត់បែន នៅគ្រប់វេទិកាអន្តរជាតិនានា ដើម្បីធ្វ់យ៉ាងណាឱ្យពិភបលោកបានស្គាល់ពីសុខទុក្ខនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។

ឯកឧត្តមបានសន្យាថានឹងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យ សម្រាប់ពលរដ្ឋជាង៧០០លាននាក់នៅក្នុងក្របខណ្ឌអាស៊ាន និងជាការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាផង ឆ្លើយបតនិងការទុកចិត្តនិងការជឿជាក់របស់ថ្នាក់ដឹនាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ