ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខមហាផ្ទៃ ណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវជំរុញរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកា ឃុំ សង្កាត់
Tue,09 December 2025 (Time 01:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រ និងជំរុញដល់រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកា ឃុំ សង្កាត់ និងអនុវត្តសារាចរអន្តរក្រសួង លេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដល់ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួង លេខ០០៧ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ពិធីនេះមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន ២២៥នាក់។

បើតាម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កម្មវិធីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ គឺជាកម្មវិធីឆ្លាតវៃមួយដែលអនុញ្ញាតឱ្យស្មៀនឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុ អាចបញ្ចូលទិន្នន័យពាក់ព័ន្ធនឹងថវិកាឃុំ សង្កាត់ប្រចាំឆ្នាំ និងធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅតាមរដ្ឋបាលឃុំ សង្កាត់សាមីនីមួយៗ។

ឯកឧត្តមអគ្គនាយក បានឱ្យដឹងទៀតថា កម្មវិធីនេះ គឺមានភាពងាយស្រួល ដោយសារអ្នកប្រើប្រាស់នៅរដ្ឋបាលឃុំ សង្កាត់ អាចបញ្ចូលទិន្នន័យបានជាមួយនឹងមុខងារបញ្ចូលទិន្នន័យ ដោយមិនចាំបាច់ប្រើប្រាស់សេវាអ៊ិនធឺណិត ក្នុងករណីឃុំ សង្កាត់ ណាមួយមិនសូវមានសេវាអ៊ិនធឺណិតគ្រប់គ្រាន់ ដោយអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលទិន្នន័យអំពីការរៀបចំថវិកាប្រចាំឆ្នាំ និងរក្សារទុកបណ្ដោះអាសន្នក្នុងទូរសព្ទដៃ ឬថេប្លេត (Tablet) ឬអាយផេត(IPAD)។

ឯកឧត្តមអគ្គនាយកបញ្ជាក់ទៀតថា ប្រព័ន្ធថ្មីនេះ បានអនុវត្តសាកល្បងជាច្រើនលើកច្រើនសារជាមួយមន្ត្រីទទួលបន្ទុកឃុំ សង្កាត់ នៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធានាថាប្រព័ន្ធថ្មីនេះ អាចដំណើរការបានដោយរលូនមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ និងអាចឱ្យប្រជា-ពលរដ្ឋបានទទួលព័ត៌មានពាក់ព័ន្ធនឹងដំណើរការរៀបចំ អនុម័ត និងអនុវត្តថវិការបស់រដ្ឋបាលឃុំ សង្កាត់បានលឿន ឆាប់រហ័ស និងទាន់ពេលវេលា។

ឯកឧត្តម កែវ ប៉េងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការជំរុញ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយធានាថាធនធានហិរញ្ញវត្ថុរបស់ជាតិ ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព នៅថ្នាក់មូលដ្ឋាន។

បើតាមលោកបណ្ឌិត វីល ផាកស៍ Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា សារាចរអន្តរក្រសួងនេះ ជាឱកាសដ៏សំខាន់មួយក្នុងការធានាថា ថវិកានៅមូលដ្ឋានត្រូវបានប្រើប្រាស់ដើម្បីវិនិយោគទៅលើសេវាសំខាន់ៗ ដែលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ដូចជា សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងអនាម័យបរិស្ថានជាដើម។ លោក បានគូសបញ្ជាក់ថា ប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនតម្លាភាព និងគណនេយ្យភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងជំនឿទុកចិត្តរបស់សាធារណជន និងដៃគូអភិវឌ្ឍន៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនៃការដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយពេលនេះកើតចេញពី ភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) ដែលស្ថិតក្រោមឆ័ត្រនៃ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងគោលដៅដើម្បី លើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលទាំងនេះ គឺកើតចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យក្លាយជារដ្ឋបាលឯកភាពដែលមានមុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ មានសមត្ថភាព និងមានលទ្ធភាពកាន់តែច្រើនក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី ការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយភាពធន់ និងមានចីរភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រ និងជំរុញដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងអនុវត្តសារាចរអន្តរក្រសួង លេខ០០៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដល់ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងបង្កើនការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ និងយកចិត្តទុកដាក់ ក្នុងការពង្រឹងលើការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងឈានទៅលុបបំបាត់ ភាពក្រីក្ររបស់ពលរដ្ឋនៅមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួររម្លឹកថា សារាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ