ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក
Mon,08 December 2025 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ខេត្តព្រៃវែង កម្ពុជា) – តឹនណាម (ខេត្តតៃនិញ វៀតណាម) ” ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥ ថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាន និង កំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព, ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ, សេវា, និងជាព្រំដែន ដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ និង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា នៅពេលនេះ នឹងចូលរួមជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ, និយាយជារួម, ខេត្តព្រៃវែងរបស់កម្ពុជា និង ខេត្តតៃនិញរបស់វៀតណាម, និយាយដោយឡែក, តាមរយៈ ការលើកកម្ពស់ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, វប្បធម៌ និង សន្តិសុខ។

ក្នុងន័យនេះ, សម្តេចបវរធិបតីលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម ឱ្យបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្តសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់រំហូរទំនិញ, សេវា និង សកម្មភាពធុរកិច្ច ជាពិសេស ក្នុងវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់ការនាំចេញ ជាដើម, ព្រមទាំង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យកា្លយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។ ជាក់ស្តែង, ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ នាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃការរីកចម្រើន ផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

មុនបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋាភិបាល និង ប្រជាពលរដ្ឋវៀតណាម ដែលតែងតែរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ, ព្រមទាំង ផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ, ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍របស់ប្រទេស និង ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។

បន្ថែមពីនេះ, សម្ដេចបវធិបតី ជឿជាក់ថា, ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និង វៀតណាម នឹងបន្តរក្សា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ តរៀងរហូតដល់អ្នកជំនាន់ក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ