ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា ថ្ងៃនេះខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។ខ្ញុំមិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្ញុំមានចេតនាឌឺដងឱ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀប ជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិតបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)។ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៉ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសាមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា នឹងប្រើ តកូន តចៅ។ ស៊ីហ្គេមមានវិញ្ញាសាប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាំពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និងបាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៊ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឱ្យកីឡាករថៃរករឿងកីឡាករ និងគ្រូបង្ហាត់ឥណ្ឌូណេស៊ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។និយាយពីការចំណាយសម្រាប់ការប្រកួតយើង មិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន។ ខ្ញុំបានប្រគល់ភារកិច្ចជូន សម្តេច ទៀ បាញ់ ដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួតដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី ថោង ខុន នៅក្នុងគណៈកម្មាធិការនេះដែរ ដើម្បីរៀបចំលុយសម្រាប់បម្រើឱ្យការប្រកួត។ ខ្ញុំពិតជាមានសំណាងដែលជាង២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ២រូបទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន។មេផ្ទះទាំងពីររូបមិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។តាមការចង្អុលណែនាំរបស់ខ្ញុំ ដែលប្រាប់ មុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឱ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ។បើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន១០ចាយតែ៧ឬ៨ សន្សំបាន ២ឬ៣។ មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគម្រោងដកយកពី១៥០០លាន ទៅ ២០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជំងឺកូវីដមកសម្លាប់ ជីវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណាសាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែពីរដងដដែល។សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ យើងមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឱ្យថវិកាឆ្នាំ២០២៣ រងសម្ពាធ និងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។តែដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ យើងចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅ ហូបចុក។ ការមិនឱ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់ខ្ញុំក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។ កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ។បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផង ចំណាយត្រឹម១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដាយ គ្រប់កម្រិតផងយើងចំណាយត្រឹម១៣០លានក្នុងគម្រោងនៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេលប្រមាណជាង៦ឆ្នាំយើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេ ទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថា ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។សង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។សង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៊ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្ដីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ