ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំចំនួន ៧ចំណុច ដើម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។យោងតាមសេចក្តីណែនាំស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា ដើម្បីធានានូវបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជន ឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងត្រូវយកចិត្តទុកដាក់បន្ថែមលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖១. ប្រមូលក្តាប់ព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខជាតិ ជាពិសេសក្តាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់បង្កសង្គ្រាមចិត្តសាស្ត្រ បង្កើតឱ្យមានភាពចលាចលក្នុងសង្គម សំដៅម្ចាស់ការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ។២. ត្រូវចាត់វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមទីអារាម ព្រះវិហារចិន និងវៀតណាម ក៏ដូចជា ទីសក្ការៈ កន្លែងកម្សាន្តសប្បាយ និងរមណីយដ្ឋាននានាដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យកើតមានបទល្មើសផ្សេងៗ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្រុម ក្មេងទំនើ.ង និងត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ។៣. ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបទល្មើសគ្រឿងញៀ.ន សកម្មភាពក្មេងទំនើ.ងតាមដងផ្លូវ ល្បែង ស៊ីសងខុសច្បាប់ ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុ.ធ គ្រឿងផ្ទុះ គ្រាប់រំសេវ សំដៅធានាដល់បរិយាកាស សន្តិសុខ និងសុវត្ថិភាពសង្គម ។៤.យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមទីប្រជុំជន ច្រកចេញ-ចូលរាជធានី-ខេត្ត បញ្ចៀសការកកស្ទះ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ដោយក្តីសប្បាយរីករាយ និងត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ទាំងនៅពេលថ្ងៃ និងពេលយប់) សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកដល់ការងារបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសនានាផង ។៥. ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ជាពិសេសភ្លើងទៀន ធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ហ្គាស ចរន្តអគ្គិសនី។ល។ និងត្រូវមានវិធានការល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការលក់ដូរផាវ កាំជ្រួច រួមទាំងសកម្មភាពដុតផាវ ឬកាំជ្រួច ឬការបង្កសំឡេងផ្ទុះផ្សេងៗដែលបង្កឱ្យមានការភ័យខ្លាច និងអាចបង្កជាអគ្គិភ័យ ។ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ២៤/២៤ម៉ោង ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះពេលមានហេតុការណ៍អគ្គិភ័យកើតឡើងជាយថាហេតុ ។៦. ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពនូវរាល់សភាពការណ៍បញ្ហាកកស្ទះចរាចរណ៍ ឬហេតុការណ៍នានាដែល កើតឡើងជាយថាហេតុ ។ ទន្ទឹមនោះត្រូវចាត់ក្រុមប្រតិកម្មរហ័ស ធ្វើការតាមដានរាល់ព័ត៌មានពីគ្រប់ប្រភព ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឥទ្ធិពលចំពោះព័ត៌មានប្រឌិត ក្លែងក្លាយ ដែលមានចរិតញុះញង់ និងបំពុលដល់បរិយាកាសសង្គម ។៧. ត្រូវធ្វើការបូកសរុបសភាពការណ៍ និងលទ្ធផលអនុវត្តវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន នៅម៉ោង១៥:០០នាទី នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត ។ជាមួយគ្នានោះដែរ អគ្គស្នងការបានស្នើ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងឯកឧត្តម-លោកស្នងការនគរបាលរាជធានី-ខេត្ត ចាត់តាំងអនុវត្តប្រុសរដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ