បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ឯកឧត្តមសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿងដែលបានបំភ្លឺផ្លូវក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យដ៏ច្រើនអនេកដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជូនជាតិមាតុភូមិ និងប្រជាជន។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃដោយផ្នែកលើច្បាប់អន្តរជាតិ។ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុលដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត។ឯកឧត្តម ជំរុញឱ្យលោកគ្រូអ្នកគ្រូត្រូវបញ្ជ្រាបស្មារតីជាតិនិយមទៅកាន់សិស្សានុសិស្ស និងណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្របង្កើនសមត្ថភាពឱ្យក្លាយជាធនធានមនុស្សនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងគោរពច្បាប់ចរាចរណ៍។ឯកឧត្តម ក្រើនរំលឹកដល់មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញយុទ្ធនាការអប់រំអនាម័យបរិស្ថាន កាត់បន្ថយការរំពងសំឡេងនៅតាមទីប្រជុំជន និងកន្លែងកម្សាន្តផ្សេងៗដែលនាំឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ។ឯកឧត្តម សុខ លូ បានរំលេចពីការអភិវឌ្ឍន៍ទីលានចាក់សំរាមស្ដង់នៅស្រុកបាណន់ ការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅស្រុកសង្កែ និងស្រុកឯកភ្នំ ដើម្បីរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងធ្វើប្រព្រឹត្តកម្មមុនបញ្ចេញទៅប្រភពទឹកធម្មជាតិដែលការអភិវឌ្ឍន៍ទាំងអស់នេះសំដៅបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋអ្នកក្រុងបាត់ដំបង។ឆ្លើយតបនឹងការអភិវឌ្ឍន៍សមិទ្ធផលធំៗខាងលើនេះ ឯកឧត្តម សុខ លូ សំណូមពរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សូមមេត្តាយោគយល់អធ្យាស្រ័យខ្ពស់ អត់ធ្មត់រយៈពេលខ្លី ខណៈរដ្ឋបាលខេត្តបាត់ដំបងប្ដេជ្ញានឹងសាងសង់ផ្លូវក្នុងក្រុងបាត់ដំបងទាំងអស់ឡើងវិញនៅពេលបញ្ចប់គម្រោងអភិវឌ្ឍន៍។ឯកឧត្តម សុខ លូ បានបង្ហើបពីទស្សនៈវិស័យអភិវឌ្ឍន៍ និងរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ស្មាត និងងាយស្រួលរស់នៅប្រកបដោយផាសុខភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ