ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន សហការរួមគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាឱ្យបានកាន់តែទូលំទូលាយ
Tue,02 December 2025 (Time 09:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រីតំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគក្នុងវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតជាប្រធានប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាយ៉ាងលឿន និងក្នុងរយៈពេលខ្លី ចាប់តាំងពីឯកឧត្តមបានអញ្ជើញមកទស្សនាកម្ពុជាជាលើកដំបូងកាលពីឆ្នាំ១៩៩៦។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានប្រតិភូ ក៏បានលើកឡើងពីការពេញចិត្តរបស់អ្នកវិនិយោគិនអាម៉េរិក ដែលជាសមាជិកក្នុងការវិនិយោគនៅកម្ពុជាកន្លងមក និងការស្វែងយល់បន្ថែមទៀតពីស្ថានភាពពិត និងកាលានុវត្តវិនិយោគបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតបក្នុងជំនួបដ៏សំខាន់នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាយជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត TED Osius និងសមាជិកក្រុមប្រឹក្សា ដែលបានអញ្ជើញពីក្រុមហ៊ុន ConocoPhillips, Marriott International, Mastercard, Visa, Ford & RMA, Coca-Cola និង Vriens & Partners ដែលបានជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគដោយទំហំច្រើនលានដុល្លារអាម៉េរិក ដែលពិតជាការបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនប្រតិភូពីការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងការធានា និងលើកទឹកចិត្តអ្នកវិនិយោគដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជាដែលជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ។

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសកម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ ដែលនឹងសហការរួមគ្នាធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហរដ្ឋអាម៉េរិកមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថាក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) ជាអង្គការដ៏សំខាន់បណ្តុំនូវក្រុមហ៊ុនអាម៉េរិកធំៗ ដែលប្រកបអាជីវកម្មក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បង្កេីតឡេីងក្នុងឆ្នាំ ១៩៨៥។ ក្រុមប្រឹក្សាមានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី និងការិយាល័យនៅទីក្រុងធំៗ ផ្សេងៗ ទៀតដូចជា៖ ញូវយ៉ក, បាងកក, ហាណូយ, ហ្សាកាតា, គូឡាឡាំពួ, ម៉ានីលា ហ្វីលីពីន និងសិង្ហបុរី។ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលជាសមាជិករបស់ក្រុមប្រឹក្សាមានដូចជា Abbott, ConocoPhillips, Marriott International, Mastercard, Visa, Meta, 3M, Ford & RMA Cambodia, Manulife, Coca-Cola, Plug and Play, Vriens & Partners៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ