បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវ៉ាយអូរី (VIORY) កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្ញៀវទេសចរបានចាប់ផ្តើមត្រឡប់ទៅកម្សាន្តនៅតំបន់ភ្នំសំពៅ ខេត្តបាត់ដំបងវិញហើយកាលពីថ្ងៃសៅរ៍ ដែលនេះបង្ហាញពីសុទិដ្ឋិនិយមដោយស្មារតីប្រុងប្រយ័ត្ន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ក្នុងការអនុវត្តនូវការឈប់បាញ់គ្នាជាបន្ទាន់ ក្រោយពីមានការប៉ះទង្គិចគ្នាតាមព្រំដែនសារឡើងវិញកាលពីដើមខែធ្នូ ។តាមរយៈរូបភាពវីដេអូពីទីតាំងនោះ គេឃើញមានភ្ញៀវទេសចរមកទស្សនាទិដ្ឋភាពពីលើកំពូលភ្នំ ដើរកម្សាន្តតាមដងផ្លូវ និងធ្វើដំណើរតាមជណ្តើរដែលមានហ្វូងស្វាចុះឡើងជាហូរហែ។ សម្រាប់អ្នកស្រុក និងបុគ្គលិកកម្មករក្នុងតំបន់ សកម្មភាពទេសចរណ៍ដែលចាប់ផ្តើមឡើងវិញនេះ បានផ្តល់នូវអារម្មណ៍ធូរស្រាល បន្ទាប់ពីស្ថិតក្នុងភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនសប្តាហ៍ ។អាជីវករក្នុងស្រុកម្នាក់ បានសម្តែងក្ដីត្រេកអរចំពោះការផ្អាកការប្រយុទ្ធគ្នា ដោយនិយាយថា ទោះបីជាសន្តិភាពទើបតែចាប់ផ្ដើមឡើងវិញក្នុងរយៈពេលខ្លីក៏ដោយ ក៏វាមានន័យណាស់សម្រាប់លោក។ លោកនិយាយថា៖ «យើងទទួលបានសន្តិភាពហើយ ទោះបីជាសន្តិភាពទើបតែចាប់ផ្ដើមមកវិញត្រឹមតែមួយថ្ងៃក៏ដោយ ក៏ធ្វើឱ្យខ្ញុំមានសេចក្តីសុខដែរ» (លោកលើកឡើងបែបនេះ បន្ទាប់ពីកម្ពុជា-ថៃ ព្រមព្រៀងគ្នាលើបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ) ។ទន្ទឹមគ្នានោះ លោក សីហា ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ ក៏បានសម្តែងក្តីសង្ឃឹមដែរថា ការឈប់បាញ់គ្នាបែបនេះនឹងជួយស្តារវិស័យទេសចរណ៍ និងជីវភាពរស់នៅឡើងវិញ បន្ទាប់ពីរងនូវការរំខានដោយជម្លោះ។ លោកនិយាយថា៖ «នៅពេលកម្ពុជាទទួលបានសន្តិភាព មនុស្សជាច្រើននឹងសប្បាយចិត្តក្នុងការត្រឡប់ទៅស្រុកកំណើត និងរស់នៅជាមួយគ្រួសារវិញ។ អំឡុងមានការប្រយុទ្ធគ្នា មនុស្សជាច្រើនបានចាកចេញពីភូមិ ហើយជីវិតគឺពិបាកខ្លាំងណាស់។ នៅពេលការប្រយុទ្ធគ្នាបានបញ្ឈប់ ភ្ញៀវទេសចរនឹងមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងៗ» ។ក្នុងពេលដំណាលគ្នា ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលទៅកម្សាន្តនៅទីនោះ បានបង្ហាញអារម្មណ៍ស្រដៀងគ្នា ដោយសង្ឃឹមថាភាពស្ងប់ស្ងាត់នេះនឹងមានស្ថិរភាពយូរអង្វែង ដើម្បីអាចឱ្យមានការធ្វើដំណើរដោយសេរីក្នុងតំបន់។ ភ្ញៀវទេសចរបរទេសម្នាក់ និយាយថា គាត់ធ្លាប់មានភាពស្ទាក់ស្ទើរក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា និងថៃ ដូច្នេះវាជារឿងល្អប្រសិនបើគ្មានការប្រយុទ្ធគ្នាបែបនេះក្នុងរយៈពេលយូរ ដើម្បីឱ្យមានសន្តិភាព និងអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ