ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អង្គការអុកស្វាម សូមអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងការការពារពេញលេញដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយអរិភាពព្រំដែនកម្ពុជា-ថៃ។ អំពើហិង្សា កំពុងបង្កគ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ជំរុញឱ្យមានការជម្លៀសចេញរបស់ប្រជាជនជាង ៦៣ម៉ឺននាក់ និងកាត់ផ្តាច់លទ្ធភាពទទួលបានអាហារ ការថែទាំសុខភាព ការអប់រំ និងជីវភាពរស់នៅសមរម្យ។យោងតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ជនភៀសសឹក ដែលភាគច្រើនជាស្ត្រី និងកុមារ កំពុងរស់នៅក្នុងភាពភ័យខ្លាចទោះជានៅក្នុងមណ្ឌលសុវត្ថិភាព រត់គេចពីការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ផ្សែងពុល និងដ្រូនសើបការណ៍។ជម្លោះនេះ បានបំផ្លិចបំផ្លាញជីវិត និងការចិញ្ចឹមជីវិតរបស់ជនស៊ីវិល បំផ្លាញផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់វប្បធម៌ និងសាសនា។ ជម្លោះប្រដាប់អាវុធក្នុងរដូវប្រមូលផលកសិកម្ម កំពុងបំផ្លាញដំណាំ រាំងស្ទះដល់ការប្រមូលផល គំរាមគំហែងដល់សន្តិសុខស្បៀង និងប្រាក់ចំណូល និងរំខានដល់ប្រតិបត្តិការមនុស្សធម៌ ដោយបានបង្អាក់ការចូលទៅដល់តំបន់ដែលមានតម្រូវការចាំបាច់របស់ស្ថាប័នផ្តល់ជំនួយមនុស្សធម៌។ អង្គការអុកស្វាម សូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់។ អង្គការអុកស្វាម សូមអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធគ្រប់ប្រភេទ ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល និងទប់ស្កាត់វិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់ឡើងរវាងប្រទេសទាំងពីរ។ភាគីទាំងអស់ ត្រូវតែបន្ថយភាពតានតឹង រក្សាច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការប្រកបដោយប្រសិទ្ធិភាព ដើម្បីបញ្ចប់អរិភាពតាមរយៈការអនុវត្តសេចក្តីប្រកាសរួមរបស់ទីក្រុងគូឡាឡាំពួរ។អង្គការអុកស្វាម ឈរក្នុងសាមគ្គីភាពជាមួយសហគមន៍ប្រជាជនដែលរងគ្រោះ និងដៃគូដែលរងផលប៉ះពាល់។ យើងទាមទារឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងបើកចំហសម្រាប់ការសន្ទនាដែលឈរលើសេចក្តីថ្លៃថ្នូរ គណនេយ្យភាព និងសន្តិភាពរបស់មនុស្សជាតិ និងស្តារឡើងវិញនូវសិទ្ធិ កសាងជីវភាព និងសេចក្តីធ្លៃថ្នូររបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនរងគ្រោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ