ភ្នំពេញ៖ កម្មវិធីដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួម ៣ម៉ឺននាក់ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដេីម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងកម្ពុជា និងថៃ។ ការដើរដើម្បីសន្តិភាព ទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។ នេះបេីយោងតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីដើរដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរ មិនមានអ្វីរាំងស្ទះ។ កម្មវិធីនេះធ្វើឡើងដើម្បីបង្ហាញពីបំណងចង់បានរបស់ប្រជាពលរដ្ឋខ្មែរ គឺស្មារតីស្រឡាញ់សន្តិភាព ជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងកម្ពុជា និងថៃ។លោកស្នើឱ្យអាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឲ្យបានល្អបំផុត ជាមួយនឹងការពិនិត្យឡើងវិញចំពោះការដាក់ទង់ជាតិនៅតាមទីសាធារណៈពិសេសជុំវិញកន្លែងប្រារព្ធពិធី។ ជាមួយនេះការពិនិត្យអាវុធជាតិផ្ទុះ ក៏ត្រូវធ្វើឡើងផងដែរដើម្បីធានាថា សន្តិសុខ សុវត្ថិភាពសម្រាប់មហាជនអ្នកចូលរួមក្នុងពិធីគឺបានល្អ១០០ភាគរយ។លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមអាជ្ញាធរក៏ដូចជាកងកម្លាំងទាំងអស់ក៏ត្រូវពិនិត្យមើលប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីនេះផងដែរ ដោយមិនត្រូវឱ្យពួកគាត់ធ្វើសកម្មភាពអ្វីដែលជ្រុល ប្រាសចាកនូវអ្វីដែលជាគោលបំណងរបស់កម្មវិធីរបស់យើងចង់បានឡើយដូចជាការប្រមាទ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំថៃ ក៏ដូចកាយករូបថត ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំថៃ មកជាន់ឈ្លី ឬដុតចោលជាដើម ដែលនេះមិនបង្ហាញពីភាពថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជានោះទេ។លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ជាគម្រោងក្នុងពិធីនេះនឹងមានមហាជនចូលរួមប្រមាណ ៣ម៉ឺននាក់។ ដូច្នេះកងកម្លាំងត្រូវអនុវត្តនូវអ្វីដែលជាគម្រោងផែនការដែលបានគ្រោងទុក ហើយក្រោយកម្មវិធីត្រូវបានបញ្ចប់ក៏បានគិតគូរទៅដល់ការប្រមូលសំអាតសំរាមផងដែរ មានន័យថា កម្មវិធីបញ្ចប់នៅទីតាំងប្រារព្វពិធីគឺមិនមានសំរាម និងមានបរិស្ថានល្អប្រសើរជាធម្មតាឡើងវិញ។លោក សុខ សប្បាយណា ក៏បានលើកឡើងដែរថា ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជនចូលរួម៣ម៉ឺននាក់ មិនមែនខ្លាចគេ ឬយើងទន់ខ្សោយនោះទេតែយើងចង់បញ្ជាក់ថា យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងដោយសារសង្គ្រាម ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងផ្ទាល់ផងដែរ ដោយចាប់ផ្ដើមដើរត្រួតពិនិត្យពីផ្សាររាត្រី រហូតទៅដល់រង្វង់មូលសម្ដេចជួនណាត និងបន្តទៅដល់វិមានឯករាជ្យដែលជាកន្លែងប្រារព្ធពិធីធំ ដើម្បីធានាថា អ្វីដែលជាគម្រោងដែលបានរៀបចំ គឺដាច់ខាតត្រូវតែទទួលបានជោគជ័យ ១០០ភាគរយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ