(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងបាត់ដំបង។ថ្លែងក្នុងឱកាសនោះលោក សុខ លូ បានគូសបញ្ជាក់ថា ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ គឺជាទិវាដ៏មហានក្ខត្តឫក្ស បើកទំព័រសករាជជាប្រវត្តិសាស្ត្រ ចារឹកនូវការផ្ទេរអំណាចទាំងអស់របស់ពួកអាណានិគមនិយមបារាំង ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ហើយប្រទេសកម្ពុជា ក៏បានទទួលឯករាជ្យពេញបរិបូរណ៍ចាប់ពីពេលនោះ ប្រជាពលរដ្ឋទូទាំងប្រទេសបានប្រសិទ្ធនាមថ្វាយព្រះអង្គថា ព្រះបិតាឯករាជ្យជាតិ ជារៀងដរាបតរៀងមក។លោក សុខ លូ ថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្រោមម្លប់សន្តិភាពដោយបានប្រែក្លាយមាតុភូមិកម្ពុជា ទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវគុណតម្លៃនៃសុខសន្តិភាព ប្រក្រតីភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អ និងពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដោយគ្មានការរើសអើង និន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ។លោក អភិបាលខេត្ត ថ្លែងបន្ថែមថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់នៃការអភិវឌ្ឍ ហើយកំពុងតែឈានទៅមុខយ៉ាងស្វិតស្វាញតាមទិសដៅដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ប្រកបដោយក្តីសង្ឃឹម ក្រោមមគ្គុទេសន៍ដឹកនាំរបស់ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ក្នុងការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានធ្វើការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ដើម្បីឆ្លើយ តបឱ្យកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការនៅមូលដ្ឋាន និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណត់ចក្ខុវិស័យប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។លោកបាន សង្កត់ធ្ងន់ថា សម្រាប់ខេត្តបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងប្រែមុខមាត់ថ្មីជាបណ្ដើរៗ ទាំងផ្នែករូបវន្ត និងអរូបវន្ត ព្រមទាំងវិស័យផ្សេងទៀត ក៏ត្រូវបានស្ដារសាងសង់ ជួសជុល កែលម្អបន្តបន្ទាប់ ជាពិសេសក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលតាមតម្រូវការចាំបាច់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ឯកឧត្តម សុខ លូ ប្ដេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចបហាបវរធិបតី នាយករដ្ឋមន្ត្រី និងប្តេជ្ញាថែរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃជាតិកម្ពុជា និងការពារយ៉ាងដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុត ការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។ជាមួយគ្នានោះលោក សុខ លូ ក៏អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន រួមទាំងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចូលរួមលុបបំបាត់ល្បែងស៊ីសងគ្រប់ទម្រង់នៅតាមមូលដ្ឋាន។ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យទទួលបានជោគជ័យសំដៅរួមគ្នាថែរក្សាសុខសុវត្ថិភាពនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់រៀងៗខ្លួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ