ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានរដ្ឋសភា ម៉ាឡេស៊ី ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន
Fri,17 January 2025 (Time 11:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 190នាក់)

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៧ មករា នេះ Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី បានចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់ សម្តេចតេជោ ជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរព នៅអាស៊ីអាគ្នេយ៍។

នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែង នាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។

លោក ប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកឡើងថា នេះគឺជាជំនួបដែល លោក រំពឹងយូរហើយ, សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ សម្តេច បានបូជា លះបង់យ៉ាងធំធេង និងជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ ធៀបនឹងឆ្នាំ២០០០ ដែល លោក បានមកកម្ពុជា លោកប្រធានរដ្ឋសភា បានសម្តែងនូវភាពស្ងប់ស្ងែង អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលសមិទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិតផ្តួចផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។ លោក ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។

លោក បានគូសបញ្ជាក់ផងដែរថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។

លោកប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចំម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។ លោកប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី លោក ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោកប្រធានរដ្ឋសភា ចំពោះការលើកឡើង អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ និងវឌ្ឍនភាពក្នុងអាស៊ាន ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច។

សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះដែរ លោកប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអបអរសាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ។ តាមរយៈជំនួបកាលពីឆ្នាំមុន លោក ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ថា ជាប្រមុខថ្នាក់ដឹកនាំអាស៊ានវ័យក្មេងប្រកបដោយភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ