ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍
Fri,17 January 2025 (Time 08:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 138នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព"។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល។ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញមតិប្រកបដោយភាពផុសផុល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។
ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះ សំខាន់ៗ ជូនដល់អង្គពិធី ដូចខាងក្រោម៖
១- ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ (Embrassing Technology) ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាព ដោយ អ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ។
២- ការផ្តល់អាទិភាពដល់សមធម៌ (Prioritizing equity) ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែង ក្នុងពេលអនាគត យើងត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។
៣- ការកសាងភាពធន់ (Building Resilience) ដោយ អ្នកដឹកនាំត្រូវផ្តល់អាទិភាព ដល់សុខុមាលភាព របស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាល មួយដែលមានភាពធន់ទៅនឹង កត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។ ទន្ទឹមនឹងនោះដែរ ការច្នៃប្រឌិត (innovation) មិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំ(continuous quality improvement) និងកិច្ចសហប្រតិបត្តិការគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាត ទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
សិក្ខាសាលានេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ សហការជាមួយសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត Zoom សរុបជាង ២០០រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ