ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេសឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស គ្រឹះដ្ឋានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាន នៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំ នូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។ដោយឡែក ចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវ ដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឲ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឲ្យបានត្រឹមត្រូវមុនដាក់ពង្រាយឲ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការក្រើនរំលឹកឲ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំឲ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យបន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេសចូលរួមជាមួយកម្លាំងនគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជន ឲ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមក។ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម កាន់តែខិតជិតចូលមកដល់នៅចុងខែមករាខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ឆ្លៀតធ្វើការណែនាំដល់កម្លាំងនគរបាល ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលាចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ សំដៅធានាដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏ណែនាំឲ្យយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ដោយក្តីសប្បាយរីករាយ និងត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកដល់ការបង្ការ ទប់ស្កាត់សកម្មភាពល្មើសនានា ពិសេសក្មេងទំនើង។សូមជម្រាបថា យោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៨លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១១,៤៣២នាក់ (ស្រី ២៤៧នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៦៨នាក់ (ស្រី ២៧នាក់) ហើយការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួន ជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម គីម រិទ្ធី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
វីដែអូ