បាត់ដំបង ៖ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង ចំនួនជាង៣ម៉ឺននាក់ ។នេះបើតាមការផ្តល់ព័ត៌មានពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោក បានបញ្ជាក់យ៉ាងដូច្នេះទៀតថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ត្រូវថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សរុបទាំងអស់ចំនួន ៣៣.៨៨៧ នាក់ ក្នុងនោះទេសចរជាតិ ចំនួន ៣៣.៦៣៥ នាក់ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ២៥២ នាក់ ។ពាក់ព័ន្ធនឹងព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតនៅក្នុងក្រុងបាត់ដំបង ដែលរៀបចំឡើងដោយសមាគមហ្វាពន្លឺសិល្បៈ ត្រូវបានលោក ហម អរុណ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយរីករាយយ៉ាងច្រើនកុះករ ដោយលោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ទុកថា មហោស្រពសិល្បៈទីក្រុងស្អាតនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបង អមជាមួយព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ។លោក ហម អរុណ បានបង្ហាញឱ្យដឹងទៀតថា ក្រៅពីព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាត ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ជាច្រើនកន្លែងបានរៀបចំសម្រាប់ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ខណៈរដូវកាលនេះ គឺជាពេលវេលាដ៏ល្អសម្រាប់ការមកទស្សនាកម្សាន្តនៅទឹកដីខេត្តបាត់ដំបង ដោយសារអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់អមជាមួយទេសភាពបៃតងខ្ចី ពិតជាផ្ដល់អារម្មណ៍ស្រស់ស្រាយមែនទែនដល់ភ្ញៀវទេសចរ ។តាមរយៈនេះដែរ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសយុវជនចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតនៅថ្ងៃបន្តបន្ទាប់ ។សូមបញ្ជាក់ដែរថា សមាគមហ្វាពន្លឺសិល្បៈ បាននិងកំពុងរៀបចំមហោស្រពសិល្បៈទីក្រុងស្អាតលើកទី៤ នៅក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ វប្បធម៌ចម្រុះពណ៌ ដើម្បីអបអរសាទរភាពសម្បូរបែបនៃសិល្បៈ ជំរុញវិស័យទេសចរណ៍និងពង្រឹងអត្តសញ្ញាណខេត្តបាត់ដំបងជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវ៉ើក ។មហោស្រពសិល្បៈទីក្រុងស្អាតនាពេលនេះនឹងបានបង្ហាញនូវទម្រង់សិល្បៈជាច្រើនរួមមាន ហ៊ីបហប គំនូរលើជញ្ជាំង ការដង្ហែក្បួនតុក្ដាយក្ស និងការប្រគំតន្រ្តីដ៏អស្ចារ្យជាដើម ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ