កំពត៖ ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខជូនភ្ញៀវទេសចរឱ្យបានល្អ ខណៈឯកឧត្តមអភិបាលខេត្តហាមមិនឱ្យមានការតម្លើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ក្នុងខេត្ត។ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចចង្អុលការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវរៀបចំកែច្នៃ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីរដ្ឋបាលខេត្តបានរៀបចំឡើងនូវឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះមានភ្ញៀវទេចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ដែរថា កត្តាដែលនាំឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងដើរលេងកម្សាន្តដោយសប្បាយរីករាយក្នុងខេត្តនោះ ក៏ដោយសារតែការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរពីសំណាក់អាជ្ញារ និងកងកម្លាំងទាំងអស់ផងដែរ។ ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមនឹងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរ ដែលនឹងមកលេងកម្សាន្តក្នុងខេត្តនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត បើទោះបីកន្លងពុំមានភាពមិនប្រក្រតីណាមួយកើតឡើងក៏ដោយ។ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករ សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវមានការតម្លើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ហើយត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាលើមុខមាត់ខេត្ត និងទទួលបានភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត។សូមបញ្ជាក់ថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតមិនមានការរៀបចំធ្វើពិធីប្រណាំងទូក.ង និងកម្មវិធីកម្សាន្តសប្បាយនោះទេ តែទោះជាយ៉ាងណាមន្ត្រីជំនាញរំពឹងថា ខេត្តនឹងមានភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តច្រើន ខណៈមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ត្រូវបានកក់ពេញ។ ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ