កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណះសំណាល និងប្រកាសផ្តល់អំពូលសូឡា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេទឹកពុះចំនួន៣០៦ គ្រួសារ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី និងអ្នកទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះជាច្រើននាក់ផងដែរ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថានជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២៥នេះ បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ ស្របតាមអនុសាស្រ្តដឹកនាំរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល និង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរួមមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍ ផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍កោដូន្តីនេះ ការដាំដើមឈើ ដាំផ្កាលម្អ មានទីតាំងវប្បធម៌ កន្លែងទីសក្ការៈបូជា មជ្ឈមណ្ឌលព័ត៌មាន សម្រាប់អ្នកទេសចរ មានកន្លែងស្នាក់នៅ កន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតយានយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និង កន្លែងអង្គុយត្រាំទឹកក្តៅ ដែលកើតចេញពីធម្មជាតិ និងជួយសម្រួលដល់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងត្រាំទឹក ងូតទឹក និងព្យាបាលជំងឺតាមបែបធម្មជាតិ។លើសពីនេះ ក្រសួងបរិស្ថាន មានគម្រោងដែលត្រូវអនុវត្តឆាប់ៗនាពេលខាងមុខដែរនោះ គឺការបណ្តុះបណ្តាលសមត្ថភាព ដល់សមាជិកសហគមន៍ ផ្តល់សេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ តាមរយៈភាពស្អាតពីខាងក្នុង គឺមានភាពស្មោះត្រង់ លក់ដូរក្នុងតម្លៃសមរម្យ មិនកាប់មិនកោ និងប្រែក្លាយសហគមន៍ ឱ្យមានសមត្ថភាពក្លាយជាសហគ្រិនភាព ដែលជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។គួរជម្រាបជូនថា តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អនិងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក មានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិដើមភាតិចសួយ រស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ ជាច្រើនមកលំហែកម្សាន្ត ខ្លះអាចចុះត្រាំទឹក និងមានជំនឿក្នុងការព្យាបាលជំងឺតាមបែបធម្មជាតិ ដោយការត្រាំ និង ងូតទឹកក្តៅ កើតចេញពីធម្មជាតិ ឱ្យជាសះស្បើយបានផងដែរ។នៅក្នុងដើមឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធនាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អព្យាក្រឹតកាបូន។ជាមួយគ្នានេះដែរ តំបន់ទេទឹកពុះ មានការពេញនិយម ពីប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ