ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនឌូបៃឱ្យចាប់យកឱកាសវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗនៅកម្ពុជា រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ ទេសចរណ៍ ថាមពល ធនាគារ និងហិរញ្ញវត្ថុ ឌីជីថល និងមូលធនមនុស្ស។ការលើកទឹកចិត្តបែបនេះ របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា» នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។វេទិកានេះសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឌូបៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។ ព្រឹត្តិ ការណ៍នេះធ្វើឡើងស្របពេលនឹងដំណើរទស្សនកិច្ចធុរកិច្ចរបស់ក្រុមហ៊ុនធំៗនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមចំនួន ១៦ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ។ ក្នុងនោះក៏មានការរៀបចំជាជំនួបពាណិជ្ជកម្មមួយទល់មួយ (B2B) រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនឌូបៃ ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងស្វែងរកដៃគូសហការសក្តានុពលលើវិស័យដែលមានកំណើនខ្ពស់ផងដែរ។វេទិកាធុរកិច្ចនេះ បានជជែកពិភាក្សាសំខាន់លើចំណុច៖ ១. សក្តានុពលសេដ្ឋកិច្ចកម្ពុជា៖ កំណែទម្រង់យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ ២. ឌូបៃជាមជ្ឈមណ្ឌលសកល៖ គោលនយោបាយអនុគ្រោះធុរកិច្ច និងសក្តានុពលសម្រាប់កិច្ចសហការ។ថ្លែងក្នុងឱកាសនៃវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលបានចូលជាធរមានតាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងជួយកាត់បន្ថយហានិភ័យនៃការវិនិយោគទ្រង់ទ្រាយធំ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ និងអាទិភាពខ្ពស់។អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមថា៖ «ការវិនិយោគនៅកម្ពុជា មិនមែនសំដៅលើតែទីផ្សារក្នុងស្រុកដែលមានប្រជាជន ១៧លាននាក់ប៉ុណ្ណោះទេ តែកម្ពុជាជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីផ្សារអ្នកប្រើប្រាស់ ៦៨០លាននាក់ នៅក្នុងតំបន់អាស៊ានទាំងមូល ហើយកម្ពុជាជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារយុទ្ធសាស្ត្រ»។ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានរំលឹកអំពីអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត ដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគគួរឱ្យទាក់ទាញ រួមមាន៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើន GDP រឹងមាំជាងពីរទសវត្សរ៍, ច្បាប់វិនិយោគអំណោយផល, ការលើកទឹកចិត្តផ្នែកពន្ធ និងជាសមាជិកនៃបណ្តាប្រទេស RCEP ផងដែរ។អ្នកឧកញ៉ាប្រធាន ក៏បានលើកទឹកចិត្តធុរជនទាំងពីរប្រទេស ឱ្យប្រើប្រាស់វេទិកាធុរកិច្ចនេះដើម្បីស្វែងរកដៃគូសហការ និងគម្រោងអនុវត្តជាក់ស្តែង ដោយសភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលធុរជនឌូបៃឈានចូលទីផ្សារកម្ពុជា។លោក សាឡឹម អាល់ ហ្សាមស៊ី (Salem Al Shamsi) អនុប្រធានសភាពាណិជ្ជកម្មឌូបៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងឌូបៃ បាន និងកំពុងបន្តរីកចម្រើនជាលំដាប់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម មានប្រមាណជិត ៤០០លានដុល្លារ។លោកបានគូសបញ្ជាក់ថា ឌូបៃគឺជាច្រកទ្វារទៅកាន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង។ លោក សង្កត់ធ្ងន់ថា សម្រាប់សហគមន៍ធុរកិច្ចឌូបៃ កម្ពុជាមានសក្តានុពល និងកាលានុវត្តភាពលើច្រើនវិស័យ រួមមានដូចជា៖ វិស័យវាយនភណ្ឌ យានយន្ត និងអេឡិចត្រូនិកជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូបៃនាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីកាលានុវត្តភាពវិនិយោគផ្សេងទៀត និងបរិយាកាសធុរកិច្ចនៅកម្ពុជា។គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនកម្ពុជាជាង ៣០ក្រុមហ៊ុន កំពុងវិនិយោគ និងធ្វើប្រតិបត្តិការនៅឌូបៃ ក្នុងវិស័យអចលនទ្រព្យ វិស័យលក់ដុំ និងលក់រាយ និងសេវាកម្មសង្គម។ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅឌូបៃ រួមមាន៖ អង្ករ សម្លៀកបំពាក់ សង្ហារឹម ផលិតផលក្តារបន្ទះកៀប គ្រឿងម៉ាស៊ីន ចង្រ្កាន និងបារី។គណៈប្រតិភូឌូបៃ មានចំណាប់អារម្មណ៍ធ្វើពិពិធកម្មទៅលើវិស័យផ្សេងទៀត រួមមាន៖ វិស័យថាមពល មជ្ឈមណ្ឌលទិន្នន័យ និងវិស័យលក់រាយ ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ