ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។យោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ពិធីសារទី៣នេះមាន ២មាត្រា ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៨។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិនដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ (រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ (៣)បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព (៤) ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន និង(៥) រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ មកដល់ពេលបច្ចុប្បន្ន ពិធីសារទី៣នេះ មានរដ្ឋភាគីចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នរួច ដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ