ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាស្ត្រីមានចំនួនប្រមាណ១៣% នៃចំនួនអ្នកសារព័ត៌មានសរុបចំនួន ៨ ៧៣២ នាក់ ដែលក្រសួងព័ត៌មានបានផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានជូន គិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចំនួនអ្នកសារព័ត៌មានជាស្ត្រីមានការកើនឡើង ៦% បើប្រៀបធៀបនឹងចំនួនក្នុងឆ្នាំ២០២៤។ នេះជាបច្ចុប្បន្នភាពផ្លូវការផ្អែកតាមទិន្នន័យនៃការងារបច្ចុប្បន្នកម្មលើចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទូទាំងប្រទេស ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៦២០ អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពលើអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាកិច្ចការចាំបាច់ក្នុងការរៀបចំនិងគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ធានាការលើកកម្ពស់ភាពចម្រុះប្រកបដោយគុណភាព បរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិកំណត់ដោយក្រសួង។ឯកឧត្តម ទេព អស្នារិទ្ធ បានរំលេចអំពីសារៈសំខាន់ និងតថភាពបច្ចុប្បន្ននៃការចូលរួមរបស់ស្ត្រីក្នុងសារព័ត៌មាន ថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន បានបង្កឱកាស និងលើកទឹកចិត្តដល់ស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម ក្នុងនោះការចូលរួមក្នុងសារព័ត៌មាន ក្នុងការផលិតមាតិកាតាមប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងការផលិតកម្មវិធីផ្សាយព័ត៌មាននានា ដែលមានការកើនឡើង។ ទាំងនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ពុទ្ធិ ការកំសាន្ត ពិសេសព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គម គិតគូរអំពីបញ្ហាប្រឈមដែលស្ត្រីជួបប្រទះ និងចូលរួមផ្តល់ដំណោះស្រាយសម្រាប់លើកកម្ពស់សិទ្ធិស្ត្រី ជាប្រយោជន៍ដល់វិស័យសិក្សា ការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃសម្រាប់ស្ត្រីនិងប្រជាជន។ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានប្រសាសន៍ថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រី ជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ឯកឧត្តមបានបន្ថែមទៀតថា ជាក់ស្តែងក្នុងអណត្តិទី៧នេះ ក្រសួងបានប្រែក្លាយឱកាសទៅជាមធ្យោបាយ និងបង្កបរិយាកាសអំណោយផលថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ ផ្តល់ការគាំពារ សុវត្ថិភាព និងសម្របសម្រួលការដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាស្ត្រី។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជាស្ត្រីក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តការងារដោយសម្របខ្លួនទៅនឹងការវិវត្តក្នុងសង្គម ដោយគោរពនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាស្ត្រី ព្រមទាំងបន្តលើកទឹកចិត្តដល់ស្ត្រីដែលមានឧបនិស្ស័យ ឱ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងជំរុញសក្តានុពលក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីចូលរួមក្នុងវិស័យសារព័ត៌មាន និងសកម្មភាពអភិវឌ្ឍន៍។ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តទៀតថា ទន្ទឹមនេះ ក្រសួងបានលើកទឹកចិត្តក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ឯកជនឱ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសការងារ ក៏ដូចជាចូលរួមសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយប្រធានបទអំពីស្ត្រី និងយេនឌ័រ។ ក្នុងអណត្តិទី៧នេះ ក្រសួង និងមន្ទីរព័ត៌មានបានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលរាជធានីខេត្ត ទាំង២៥ ពិសេសអ្នកនាំពាក្យនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងការផ្តល់ការសម្របសម្រួល និងទំនាក់ទនងជាមួយអ្នកសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានស្ត្រី ឱ្យទទួលបានភាពងាយស្រួលក្នុងការអនុវត្តការងារយកព័ត៌មាន ដោយមានការសហការពីអាជ្ញាធរ ដើម្បីរួមចំណែកធានាការផ្តល់ និងទទួលព័ត៌មានឱ្យកាន់តែប្រសើរថែមទៀត សម្រាប់ការផ្សព្វផ្សាយដោយមានតុល្យភាពព័ត៌មាន គោរពច្បាប់ និងក្រមសីលធម៌។ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកទឹកចិត្តដល់ស្ត្រីទាំងអស់ដែលមានការស្រលាញ់វិស័យសារព័ត៌មាន ឱ្យស្វែងរក និងចាប់ឱកាសចូលរួមក្នុងវិស័យនេះ ស្របនឹងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រសួង អង្គភាពសារព័ត៌មានរដ្ឋ ឯកជន បានផ្តល់ជូន ព្រមទាំងចេះបង្កឱកាសថ្មីៗសម្រាប់លើកទឹកចិត្តដល់ខ្លួនឯង និងសហគមន៍ជុំវិញខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញពិតប្រាកដ ដោយគុណវុឌ្ឍិ និងគោរពក្រមសីលធម៌ សម្រាប់រួមចំណែកលើកកម្ពស់សារព័ត៌មានទាន់សម័យ ប្រកបដោយគុណភាព និងរក្សាការពង្រឹងជំនឿចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ