ភ្នំពេញ៖ មេដឹកនាំផ្នែកវិស័យឯកជនរបស់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកវេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF) ថា ជាយន្តការកែទម្រង់ដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសកម្ពុជា ដោយអំពាវនាវឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅ និងការចូលរួមកាន់តែរឹងមាំពីសហគ្រិនទាំងអស់នៅកម្ពុជា ខណៈដែលរយៈពេល ២៥ ឆ្នាំមកនេះ មានបញ្ហា និងកង្វល់ របស់វិស័យឯកជនច្រើនជាង ៤.០០០ករណី ត្រូវបានលើកពិភាក្សា និងដោះស្រាយ។ការលើកឡើងបែបនេះរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួបលើកទី ២៥ឆ្នាំ នៃការបង្តើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅព្រឹកថ្ងៃទី ២៧ខែវិច្ឆិកា ឆ្នាំ២០២៥។សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, មន្ត្រីតំណាងពីក្រសួង ស្ថាប័ន រដ្ឋាភិបាល ព្រមទាំងសហប្រធាន ក្រុមការងារទាំង១៦ផ្នែកឯកជន និងតំណាងសមាគម ក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន គឺវាជាវេទិកាខ្ពស់បំផុតសម្រាប់ការចរចាររវាងវិស័យរដ្ឋាភិបាល និងវិស័យឯកជន នៅកម្ពុជា។ ដូច្នេះហើយ វេទិកានេះ បានក្លាយជាគោលដៅស្នូលនៃការតស៊ូមតិ ក្រោមការសម្របសម្រួល របស់សភាពាណិជ្ជកម្មកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។អ្នកឧកញ៉ា ប្រធាន បានសង្កត់ធ្ងន់ថា៖ «វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន បានក្លាយជាវេទិកាផ្តល់ទំនុកចិត្តសម្រាប់ការពិភាក្សា ការដោះស្រាយបញ្ហា និងកិច្ចសហការ ក្នុងការធ្វើឱ្យមានទំនើបកម្មសេដ្ឋកិច្ច និងជំរុញការរីកចម្រើនដោយវិស័យឯកជន។ វាជាវេទិកាមួយសម្រាប់លើកកម្ពស់ការកែទម្រង់ ដើម្បីដោះស្រាយបញ្ហា និងបង្កើតឱកាស។»អ្នកឧកញ៉ា បន្តថា វេទិកានេះ មិនត្រឹមតែបានធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែប្រសើរទេ ប៉ុន្តែវាក៏បានផ្តល់ទំនុកចិត្តរវាងរដ្ឋាភិបាល និងធុរជន វិនិយោគិន, រវាងស្ថាប័ន និងសហគ្រាស និងរវាងកម្ពុជា និងសហគមន៍អាជីវកម្ម ពាណិជ្ជកម្មពិភពលោកផងដែរ។អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់ថា ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ មានបញ្ហា និងកង្វល់ របស់វិស័យឯកជនច្រើនជាង ៤.០០០ករណី បានត្រូវលើកពិភាក្សា និងដោះស្រាយ។ ហើយតាមរយៈយន្តការនេះ បានធ្វើការកែទម្រង់ធំៗជាច្រើនក្នុងផ្នែកគយ ពន្ធដារ ការសម្រួលពាណិជ្ជកម្ម ឡូជីស្ទិក ឌីជីថល ការអភិវឌ្ឍសហគ្រាសតូច មធ្យម (SMEs) និងការរៀបចំ និងបង្កើតគោលនយោបាយវិនិយោគ ដែលនេះសបញ្ជាក់ថា ពេលដែលរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការជាមួយគ្នា កម្ពុជាក៏ទទួលបានជោគជ័យផងដែរ។ឆ្លៀតក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ទិសដៅ និងភាពដឹកនាំដ៏សំខាន់ក្នុងការធ្វើវិសោធនកម្មកំណែទម្រង់ជាបន្តបន្ទាប់។ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ប្រធាន ក៏បានបង្ហាញការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបង្កើតគ្រឹះមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ក្នុងការបង្កើតយន្តការវេទិការាជរដ្ឋាភិបាល-ឯកជន និងសកម្មភាពនានាក្នុងការរួមបញ្ចូលក្រសួង ស្ថាប័នទាំងអស់ឱ្យមានកិច្ចសហការល្អជាមួយវិស័យឯកជន។ដើម្បីកសាងវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន គឺទាំងផ្នែករដ្ឋាភិបាល និងវិស័យឯកជន ត្រូវមានការប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីសម្រេចលទ្ធផល។ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថា ២៥ឆ្នាំក្រោយនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងទទួលបានភាពជោគជ័យលើសពេលបច្ចប្បន្ននេះ។ អ្នកឧកញ៉ា ប្រធាន ក៏បានអំពាវនាវឲ្យធុរជន ពាណិជ្ជករ និងវិនិយោគិនទាំងអស់នៅកម្ពុជា ចូលរួមក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ផងដែរ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។ នៅក្នុងរបាយការណ៍ខាងលើ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ ខែបន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្រោមយន្តការវេទិកា G-PSF ដែលជំរុញដល់ការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងច្រើននាពេលកន្លងមកនេះ។គួររម្លឹកដែរថា៖ វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។ វេទិកានេះជាមរតកដែលមានអាយុកាលជាង ២៥ឆ្នាំ បានបន្សល់ទុកដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងកាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនឱ្យក្លាយជាកម្លាំងចលករពិតប្រាកដ នៃកំណើនសេដ្ឋកិច្ចជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ