ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយគណៈប្រតិភូធុរកិច្ច ឌូបៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ
Thu,27 November 2025 (Time 03:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក សាឡឹម អាល់ ហ្សាមស៊ី (Salem Al Shamsi) អនុប្រធានសភាពាណិជ្ជកម្មឌូបៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូធុរកិច្ចឌូបៃមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបនេះបានផ្តោតសំខាន់លើការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម (UAE) ព្រមទាំងការបង្កើតយន្តការជាក់លាក់ ដើម្បីអនុវត្តគម្រោងសក្តានុពលនានាឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ចឌូបៃ និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទាំងលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។

អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ត្រូវបានកសាងឡើងយ៉ាងរឹងមាំតាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ ដូចជា៖ វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម នៅទីក្រុងអាប៊ូដាប៊ី ក្នុងឆ្នាំ២០២២ វេទិកាធុរកិច្ចលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ និងនៅឆ្នាំ២០២៥ នេះ សភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំវេទិកាធុរកិច្ចជាមួយសភាពាណិជ្ជកម្មឌូបៃ ស្តីពី "ការធ្វើធុរកិច្ចនៅកម្ពុជា" ផងដែរ។

អ្នកឧកញ៉ាប្រធាន បានចាត់ទុកកិច្ចពិភាក្សានេះថាជាការបើកច្រក និងពង្រីកឱកាសសម្រាប់ធុរជននៃប្រទេសទាំងពីរក្នុងការជជែកអំពីគម្រោងសក្តានុពល។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលដល់ធុរជនឌូបៃដែលមានបំណងមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ក៏បានស្នើឱ្យសភាពាណិជ្ជកម្មឌូបៃ ជួយលើកទឹកចិត្តធុរជនរបស់ខ្លួនឱ្យបង្កើនការផ្សារភ្ជាប់ទំនាក់ទំនង និងពិនិត្យលទ្ធភាពសហការជាមួយធុរជនកម្ពុជាលើវិស័យសំខាន់ៗដូចជា៖ ទេសចរណ៍ កសិកម្ម ថាមពល បច្ចេកវិទ្យា និងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោក សាឡឹម អាល់ ហ្សាមស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារ។

លោកបានជម្រាបជូនថា សភាពាណិជ្ជកម្មឌូបៃ គឺជាស្ថាប័នដ៏ធំមួយដែលមានសមាជិកជាង ២០ម៉ឺនក្រុមហ៊ុន ហើយសមាជិកទាំងនោះកំពុងស្វែងរកកាលានុវត្តភាពនៅបរទេស និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនកម្ពុជា ដោយលោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។

លោក បានបង្ហាញក្តីរីករាយចំពោះកិច្ចសហការរៀបចំវេទិកាធុរកិច្ចនៅរាជធានីភ្នំពេញ និង អញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូធុរកិច្ចទៅទស្សនកិច្ចនៅទីក្រុងឌូបៃក្នុងពេលវេលាសមស្របណាមួយ។ លោកបានបញ្ជាក់បន្ថែមថា ទីក្រុងឌូបៃគឺជាច្រកទ្វារដ៏សំខាន់ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា ដោយបច្ចុប្បន្នសភាពាណិជ្ជកម្មឌូបៃមានការិយាល័យតំណាងចំនួន ១៤ នៅទ្វីបអាស៊ី ដែលដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគជាសកល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ