ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្ត ដែលគាំទ្រដល់កំណើនក្នុងតំបន់ ការចាប់យកនូវនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់និរន្តរភាពបរិស្ថាន។ការថ្លែងបែបនេះ របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេស នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រ ទេសជប៉ុន និងអង្គការ JASIC ខណៈដែលអាស៊ី កំពុងប្រឈមនឹងការផ្លាស់ប្តូរដែលជំរុញដោយអគ្គិសនីភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងអាទិភាពបរិស្ថាន។លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្ត អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើស្តង់ដារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការច្នៃប្រឌិតថ្មីនៅក្នុងវិស័យយានយន្ត ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាពជាលំដាប់របស់កម្ពុជាក្នុងការលើកកម្ពស់យានយន្តអគ្គិសនី ជាផ្នែកមួយនៃរបៀបវារៈនិរន្តរភាពជាតិ និងឧស្សាហកម្មភាវូបនីយកម្មរបស់ខ្លួន។ ដោយលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរួមមាន៖ ការអនុម័តបទប្បញ្ញត្តិយានយន្តរបស់អង្គការសហប្រជាជាតិក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៥៨, ស្តង់ដាររឹងមាំជាងមុនសម្រាប់សុវត្ថិភាព និងការត្រួតពិនិត្យយានយន្ត, ការលើកទឹកចិត្តក្រោមច្បាប់វិនិយោគដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិច, ការណែនាំអំពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍរថយន្តអគ្គិសនី (២០២៤–២០៣០) និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មយ៉ាងឆាប់រហ័សរបស់កម្ពុជា។ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសង្កត់ធ្ងន់ថា ប្រទេសនៅអាស៊ីត្រូវតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យឧស្សាហកម្មយានយន្តក្នុងតំបន់កាន់តែរឹងមាំ ដោយមានការចុះសម្រុងគ្នានៃបទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ជាពិសេសសម្រាប់ការអនុវត្តសុវត្ថិភាព និងបរិស្ថាន ព្រមទាំងការទទួលស្គាល់គ្នាទៅវិញទៅមកនៃប្រព័ន្ធតេស្ត និងវិញ្ញាបនប័ត្រ, ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងការផលិតសមាសធាតុ ការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ។លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈវេទិកានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងឧស្សាហកម្មរថយន្តដែលមានភាពប្រទាក់ក្រឡាគ្នា និងមានភាពធន់ នៅទូទាំងទ្វីបអាស៊ី។លោករដ្ឋមន្ត្រីបានបន្ថែមថា ខណៈដែលប្រទេសកម្ពុជា បន្តដំណើររបស់ខ្លួនឆ្ពោះទៅរកប្រព័ន្ធដឹកជញ្ជូនដែលមានភាពបៃតង សុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីគាំទ្រដល់កំណើនរួមគ្នា និងការប្រកួតប្រជែងទូទាំងអាស៊ី។យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យានយន្តអគ្គិសនីចំនួន ១ម៉ឺន ១២១៤គ្រឿង ត្រូវបានចុះបញ្ជីបើគិតត្រឹមខែតុលាឆ្នាំ២០២៥។ តួលេខនេះ បានកើនឡើងយ៉ាងលឿន ពីចំនួនត្រឹមតែ ៥គ្រឿង ក្នុងឆ្នាំ២០២០។ ខណៈការចុះបញ្ជី ក្នុងឆ្នាំ ២០២៤ មានចំនួន ៣៥០៨គ្រឿង និងឆ្នាំ ២០២៥នេះ មានចំនួន ៦២១៧គ្រឿង ពោលគឺមានការកើនឡើង ៧៧,២% បើធៀបនឹងឆ្នាំ២០២៤។សូមជម្រាបថា វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេក ទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។យោងតាមរបាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ