ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព។ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា ធ្វើឡើងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ក្របខណ្ឌទូទាំងខេត្ត ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាពោធិ៍សាត់ ប្រមាណជាង២ពាន់នាក់ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់។បន្ទាប់ពីបានអានសារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដែលជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត ជូនកូនៗក្មួយៗនោះរួចមក, ឯកឧត្តម ខូយ រីដា ក៏បានលើកឡើងថា «វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព»។ឯកឧត្តម បន្តថា ក្រោមម្លប់នៃសុខសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចជាតិ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំ ក្នុងគោលដៅពង្រឹងវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរឡើង ពិសេសក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ។ឯកឧត្តម ខូយ រីដា បន្ថែមថា សម្រាប់ខេត្តពោធិ៍សាត់ ឯកឧត្តម បានប្តេជ្ញាចិត្តយកវិទ្យាល័យពោធិ៍សាត់ ដើម្បីឱ្យសម្រេចបានជាសាលារៀនគម្រូ នៅទូទាំងប្រទេស។ ជាក់ស្តែងយើងបានដឹងច្បាស់ហើយថា វិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលសាធារណៈជាច្រើនទៀត ត្រូវបានកែសម្រួល និងប្រែមុខប្រែមាត់ជាលំដាប់ ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម រយៈពេលជាង២ឆ្នាំមកនេះ។ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា នេះដោយសារតែឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ រួមជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។ឯកឧត្តម អភិបាលខេត្ត ចង់ឃើញ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានឆន្ទះ មានបរិស្ថានអប់រំល្អ មានសាមគ្គីភាពផ្ទៃក្នុង បណ្តុះ និងសាបព្រោះបំនិនជីវិត ធ្វើយ៉ាងណាកុំឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើយើង។ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានផ្តល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ អនុវិទ្យាល័យពោធិ៍សាត់ និងសាលាបឋមសិក្សាពោធិ៍សាត់ ដែលមានស្នាដៃល្អក្នុងការបំពេញការងារ លើការបង្ហាត់បង្រៀន ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ និងបានបន្តជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រសាសន៍ណែនាំតម្រង់ទិសមួយចំនួន ដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ អនុវិទ្យាល័យពោធិ៍សាត់ និងសាលាបឋមសិក្សាពោធិ៍សាត់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ