ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត ណែនាំប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ
Tue,11 November 2025 (Time 03:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដែលទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៅថ្ងៃទី១១ ខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានជំនឿចិត្តយ៉ាងមុតមាំថា ប្រធាននាយកដ្ឋានកណ្ដាលថ្មីនឹងខិតខំពុះពារដឹកនាំអង្គភាព ឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។ អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយដ្ឋានកណ្ដាលចំណុះចំនួន៥ ដែលក្នុងនោះ នាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ គឺជាអង្គភាពដ៏សំខាន់មួយដែលមាននាយកដ្ឋាន និងមន្ទីរចំណុះចំនួន៥ គឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារកិច្ចដែលបានកំណត់ អង្គភាពទាំងនេះត្រូវគ្រប់គ្រង ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើឲ្យការងារជំនាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ទាំងនេះ គឺជាកិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មានសមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញបេសកម្ម ស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកស្ទួយកិត្តិយសអង្គភាពនគរបាល លើកតម្លៃកងកម្លាំងនគរបាលជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសក្នុងផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖

ទី១៖ ត្រូវក្តាប់ឲ្យបាន និងឲ្យយល់អំពីគោលនយោបាយកំណែទម្រង់ និងអនុសាសន៍ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្ត គោលការណ៍ដឹកនាំនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទី២៖ ត្រូវពិនិត្យពង្រឹងរចនាសម្ព័ន្ធនាយកដ្ឋាន មន្ទីរ និងលេខាធិការដ្ឋាន ចំណុះនាយកដ្ឋានកណ្តាល ដោយតម្រង់ទិសដល់ការកំណត់អំពីសមត្ថកិច្ចស្នូលរៀងៗខ្លួន ការបែងចែកប្រគល់ភារកិច្ចថ្នាក់ដឹកនាំ ឲ្យត្រូវនឹងជំនាញ បទពិសោធ ការគោរពឋានានុ ក្រមការងារ និងរបៀបរបបការងារដែលបានកំណត់។

ទី៣៖ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយម្លៃលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ និងកិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ ព្រមទាំងត្រូវដាក់ចេញនូវបទបញ្ជា និងអនុសាសន៍ណែនាំតម្រង់ទិសបន្តដល់អនុប្រធាន ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទ។

ទី៤៖ ត្រូវមានការផ្ដួចផ្ដើមគំនិត និងភ្ញាក់រឭកខ្ពស់ ក្នុងភាពម្ចាស់ការលើការបំពេញ តួនាទីនិងភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដែលបានកំណត់ច្បាស់រួចហើយ ដោយមិនចាំបាច់រងចាំមានបទបញ្ជា ឬអនុសាសន៍ណែនាំពីថ្នាក់លើ។

ទី៥៖ ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ ព្រមទាំងត្រូវបង្កើតគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍អង្គភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទី៦៖ ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ។

ទី៧៖ ត្រូវបន្តពិនិត្យតាមដានលទ្ធផល នៃការអនុវត្តចំណារបស់ថ្នាក់ដឹកនាំដែលបានចារប្រគល់ជូនជាសមត្ថកិច្ច រួមទាំងតាមដានលទ្ធផល នៃការអនុវត្តអនុសាសន៍ របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន។
ទី៨៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធនានា ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីជំនាញដើម្បីបន្តវេន និងធានានិរន្តភាពការងារនៅក្នុងអង្គភាពនីមួយៗ។

ទី៩៖ នាយកដ្ឋានកណ្តាលយុត្តិធម៌ ត្រូវពិនិត្យរៀបចំពង្រឹងការងាររបស់ខ្លួនតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលជាប្រព័ន្ធការងារទំនើប ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានកំណត់យកធ្វើជាការងារជាអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ